ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ AFD ដែលបានជួយគាំទ្រយ៉ាងពេញលេញក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយឧបត្ថម្ភលើគម្រោងនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។
លោក រដ្ឋមន្ត្រីមានប្រសាសន៍បែបនេះបានធ្វើឡើង នៅទីស្តីការក្រសួងនារសៀលថ្ងៃច័ន្ទ ១កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងពិភាក្សាការងារដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញលើលទ្ធផល និងវឌ្ឍនភាពនៃគម្រោងដែលទាក់ទងទៅនិងវិស័យកសិកម្ម និងធារាសាស្ត្រ នារយៈពេលជាង២០ ឆ្នាំកន្លងមកដែលអង្គការ AFD បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោកស្រី Florence Deram Malerbe អ្នកពិគ្រោះយោបល់នៃភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងសហការី។
មានមតិស្វាគមន៍លោករដ្ឋមន្ត្រី ក្នុងនាមឲ្យរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្នុងនាមលោករដ្ឋមន្ត្រីផ្ទាល់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ AFD ដែលបានជួយគាំទ្រយ៉ាងពេញលេញក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយឧបត្ថម្ភលើគម្រោងនានាដែលពាក់ព័ន្ធនិងវិស័យកសិកម្មក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។
តាមរយៈលោកស្រី លោករដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា អង្គការ AFD នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ថែមទៀត ដែលការរីកចម្រើននេះគឺជាចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ឆ្លើយតបទៅនិងការលើកឡើងរបស់លោក រដ្ឋមន្ត្រី លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមចូលរួមអបអរសាទរជូនចំពោះលោករដ្ឋមន្ត្រីដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ការជឿទុកចិត្ត តែងតាំងជារដ្ឋមន្ត្រីសម្រាប់អាណត្តិ ទី៦ បន្តទៀត។ លោកស្រីបានជម្រាបជូនលោក រដ្ឋមន្ត្រីពីគោលបំណងនាថ្ងៃនេះគឺ ដើម្បីស្នើសុំលោក រដ្ឋមន្ត្រីធ្វើការវាយតម្លៃលើលទ្ធផលគម្រោងដែលបានអនុវត្តកន្លងមកលើចំណុចខ្លាំង ចំណុចខ្សោយទាំងការងារ បច្ចេកទេស និងយន្តការនៃការរៀបចំគោលនយោបាយ រួចស្នើសុំអនុសាសន៍ល្អៗដើម្បីយកទៅកែសម្រួលនិងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យសកម្មភាពគម្រោងទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រេចបានលទ្ធផលល្អប្រសើរស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលគម្រោងរបស់អង្គការ AFD ដែលសម្រេចបានគួរជាទីមោទនៈ។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោងនាពេលបច្ចុប្បន្ន និងអនាគតឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ៖ ១-ត្រូវលើកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីកាត់បន្ថយថ្លៃដើមរបស់កសិករ បង្កើនទិន្នផល និងឈានទៅបង្កើនប្រាក់ចំណូល។ ២-ជំរុញការចងក្រងគោលនយោបាយពាក់ព័ន្ធនឹងការអភិវឌ្ឍនិងគ្រប់គ្រងវិស័យកសិកម្មនិងទឹកពីថ្នាក់ជាតិដល់សហគមន៍ស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន។ ៣-ស្នើសុំឲ្យអង្គការ AFD ពិចារណាលើការរៀបចំគម្រោងស្តីពីកសិកម្មចម្រុះ ដែលមិនផ្តោតជាអាទិភាពលើតែដំណាំស្រូវ និងគួរបញ្ចូលការងារចិញ្ចឹមសត្វ បន្ថែ និងដំណាំដែលមានសក្តានុពលលើទីផ្សារ៕
Source: Kampuchea Thmey Daily
0 Comments