រតនគិរី ៖ លោកទេស រដ្ឋមន្ត្រី លី ធុជ អនុប្រធានទីមួយអាជ្ញាធរមីនបានថ្លែងក្នុងពិធីផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះមីនពីសង្គ្រាមដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ និងភូមិតាអង១ ឃុំតាអង ស្រុកកូនមុំ ដែលមានប្រជាពលរដ្ឋនិងសិស្សានុសិស្សក្នុងភូមិឃុំទាំងពីរខាងលើប្រមាណជិត ១០០០នាក់ ថា គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាឃាតករបិទមុខហើយវាបានសម្លាប់ពលរដ្ឋកម្ពុជាជារៀងរាល់ថ្ងៃ។
លោកបន្តថា កាលពីជាង ៣០ឆ្នាំមុន សង្គ្រាមរ៉ាំរ៉ៃបានកើតនៅក្នុងប្រទេសកម្ពុជា។ ហើយក្រោយពីចប់សង្គ្រាមនោះមករយៈពេលជាង ២០ឆ្នាំមកនេះ គឺរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើនកន្លែង ហើយបានបន្សល់ទុកមរតកដ៏ធ្ងន់ធ្ងរ ក្នុងឆ្នាំ១៩៩៦ គឺជាឆ្នាំដែលប្រជាពលរដ្ឋខ្មែររងគ្រោះច្រើនជាងគេ ចំនួនជាង ៤.០០០នាក់ បានពិការភាព និងរងគ្រោះដោយសារគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ហើយកេរ្តិ៍មរតកពីសង្គ្រាមនេះ គឺបានបន្សល់ទុកនូវគ្រាប់បែក និងសំណល់មិនទាន់ផ្ទុះដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងបោសសំអាត។
លោកទេសរដ្ឋមន្ត្រីបន្តថា ថ្វីត្បិតតែរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយបានប្រឹងប្រែងយ៉ាងខ្លាំងទៅលើសកម្មភាពរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីនៃប្រទេសកម្ពុជា រយៈពេលជាង ២០ឆ្នាំមកហើយក្តី ក៏គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបង្កគ្រោះថ្នាក់ និងគំរាមកំហែងប្រជាពលរដ្ឋនៅឡើយ បើទោះជាចំនួនអ្នករងគ្រោះដោយសារគ្រាប់មីនបានថយចុះនៅក្រោម ២០០នាក់ ក្នុងមួយឆ្នាំៗ ហើយក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានក្តីកង្វល់។
បើតាមការស្រាវជ្រាវ គឺកម្ពុជាមានផ្ទៃដីប្រមាណជាង ២.៧៤០គីឡូម៉ែត្រក្រឡា ដែលសង្ស័យថា អាចមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាទើបតែបោសសំអាតមីននៅលើផ្ទៃដីប្រមាណជិត ២.០០០គីឡូម៉ែត្រក្រឡា ហើយកម្ពុជា មានផែនការរំដោះមីនចេញពីផ្ទៃដីឲ្យមានសុវត្ថិភាពទាំងស្រុងក្នុងឆ្នាំ ២០២៥។
ទន្ទឹមនឹងផែនការរបស់រាជរដ្ឋាភិបាលក្នុងផែនការរំដោះមីននេះ ខណៈពេលបច្ចុប្បន្ន លោក ក៏បានស្នើសុំឲ្យបងប្អូនបន្តការប្រុងប្រយ័ត្នការពារខ្ពស់ ជៀសឲ្យឆ្ងាយ និងរាយការណ៍ជូនទៅអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានជាបន្ទាន់ ក្នុងករណីឃើញ ឬសង្ស័យថា ជាគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរីបានឲ្យដឹងថា នៅក្នុងខេត្តរតនគិរីមានចម្ការគ្រាប់បែកចង្កោម ចំនួន ១០០ចម្ការគ្របដណ្ដប់លើផ្ទៃដីគីឡូម៉ែត្រក្រឡា។ ចំនួនចម្ការគ្រាប់ទាំងនេះគឺបានបោសសម្អាតរួចចំនួន ៥១ចម្ការ រំដោះផ្ទៃដីបានចំនួនជាង ៤គីឡូម៉ែត្រក្រឡា គិតចាប់ពីឆ្នាំ ២០១០ ដល់ ឆ្នាំ ២០១៧។ ដោយឡែកឆ្នាំ២០១៨ នេះខេត្តបានធ្វើការបោសសម្អាតគ្រាប់បែកចង្កោមចំនួន ៧ចម្ការ ដែលមានផ្ទៃដីរំដោះបាន ១លាន ១សែន ២ម៉ឺន ៤ពាន់ ម៉ែត្រការេ៕
Source: Kampuchea Thmey Daily
0 Comments