បាត់ដំបង ៖ ម៉ូតូធំចំនួន ២ គ្រឿង ដែលសុទ្ធសឹងជាម៉ូតូស៊ែរីទំនើបៗ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាន នគរបាលស្រុកសំពៅលូន ធ្វើការស្ទាក់ប្រមាញ់និងឃាត់បាន ព្រមទាំងបានប្រគល់ទៅឲ្យភាគីថៃវិញ ដើម្បីឲ្យទៅម្ចាស់ដែលបានបាត់បង់ម៉ូតូ បន្ទាប់ពីមានចោរកម្មឆ្លងដែន។
កាលពីព្រលប់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចច្រករបៀងមួយកន្លែងក្បែរខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃ ក្នុងភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង គេបានឮសម្លេងផ្ទុះអាវុធចំនួន២គ្រាប់ ដើម្បីស្ទាក់ចាប់ជនសង្ស័យ ដែលកំពុងធ្វើសកម្មភាពអូសម៉ូតូឆ្លងដែន ចេញពីទឹកដីថៃ មកកាន់កម្ពុជា។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីភាគីថៃ ឲ្យជួយសហការក្នុងការស្រាវជ្រាវរកមុខសញ្ញាលួចម៉ូតូពីគ្រឿងពីខេត្ត ប្រាជីនបុរី ប្រទេសថៃ ដែលគេសង្ស័យថា ក្រុមចោរអាចជាជនជាតិថៃ ហើយយកមកលក់ឲ្យខ្មែរ នៅក្នុងខ្សែបន្ទាត់ព្រំដែន។
សេចក្តីរាយការណ៍បានអះអាងថា ម៉ូតូទាំង ២ គ្រឿងនោះ ម៉ាក YAMAHA ប្រភេទ RG 331/M-Slash ពាក់ស្លាកលេខ ប្រាជីនបុរី ១០០៩ និងម៉ូតូម៉ាក Honda ប្រភេទ MSX ពាក់ស្លាកលេខ ឆៈឈើងសៅ ២១២៥ ត្រូវបានក្រុមជនមិនស្គាល់មុខ លួចចេញពីខេត្ត ប្រាជីនបុរី កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញានេះ។
នៅល្ងាចនោះដែរ លោកអធិការ ពេជ្រ សារ៉ែន បានដាក់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានប្រទះឃើញជនសង្ស័យកំពុងដឹកម៉ូតូទាំង ២ គ្រឿងនេះ ឆ្លងដែនចូលមកក្នុងស្រុកសំពៅលូន ទើបធ្វើការស្ទាក់ដើម្បីចាប់ខ្លួនយកមកសាកសួរ ប៉ុន្តែជនសង្ស័យបានផ្តួលម៉ូតូហើយរត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបានឃើញសមត្ថកិច្ច។
នៅព្រឹកថ្ងៃទី ១១ នេះដែរ លោក អធិការ ពេជ្រ សារ៉ែន បានដឹកនាំកម្លាំង ធ្វើការប្រគល់ម៉ូតូទាំង ២ គ្រឿងនេះ ទៅឲ្យភាគីថៃវិញ នៅត្រង់ចំណុចច្រកទ្វារអន្តរជាតិ គីឡូ ១៣ក្នុងទឹកដីស្រុកសំពៅលូនតែម្តង ដើម្បីនាំយកទៅប្រគល់ឲ្យម្ចាស់ដើមវិញ ដែលសកម្មភាពនេះ សបញ្ជាក់ឲ្យឃើញថា ចំណងសាមគ្គីភាព និងមិត្តភាពរវាងកម្ពុជា ថៃដែលជាប្រទេសមានព្រំដែនជាប់គ្នា គឺកាន់តែស្អិតរមួត និងយូរអង្វែង៕
Source: Kampuchea Thmey Daily
0 Comments