ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ។
ការលើកឡើងបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើង កាលពីព្រឹកថ្ងៃអង្គារ ០២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីបើកសម្ពោធដាក់អោយប្រើប្រាស់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ចំនួន០១ខ្នង ១១បន្ទប់ ស្ថិតនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអំណោយរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងរបបប៉ុលពត បានធ្វើឲ្យប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ មិនមានអ្វីទាំងអស់ ក្នុងនោះធនធានមនុស្សក៏ត្រូវសម្លាប់ចោលអស់ផងដែរ។ ក្រោយឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានកសាងប្រទេសឡើងវិញទាំងមិនមានអ្វីទាំងអស់។ ប៉ុន្តែក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនៃការអភិវឌ្ឍនេះប្រទេសកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាបញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រឿងញៀនជាដើម។ បញ្ហាគ្រឿងញៀនវាបានធ្វើឲ្យស្រទាប់យុវជនរបស់យើងមួយចំនួនបានលង់ខ្លួនជាអ្នកសេពគ្រឿងញៀន ដែលជាបញ្ហាប្រឈមមួយដែលសង្គមជាតិរបស់យើងត្រូវតែដោះស្រាយជាបន្ទាន់។
លោក នួន ផារ័ត្ន បានបញ្ជាក់ថា អ្នកញៀនគ្រឿងញៀន ប្រៀបបាននឹងច្រេះស៊ីដែកបាតកប៉ាល់ទឹកអញ្ចឹងដែរ ពោលគឺបើយើងមិនមានវិធានការទេ ច្រេះនោះនឹងស៊ីដែកបាតកប៉ាលបណ្តាលឲ្យលិចលង់កប៉ាល់មិនខានឡើយ។ យ៉ាងណាមិញអ្នកញៀនគ្រឿងញៀនក៏មិនខុសពីបញ្ហានេះដែរ បើយើងមិនរួមគ្នាដោះស្រាយទេ នោះសង្គមយើង នឹងមានបញ្ហាប្រឈមហើយ មិនអាចអភិវឌ្ឍប្រទេសអោយរីកចម្រើនបានទេ។
លោកបន្តថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារនិងសង្គមជាតិ សំខាន់លើការតាំងចិត្តរបស់ខ្លួនឯង។ លោកថា នៅប្រទេសដែលមានការអភិវឌ្ឍនៅលោកខាងលិច អ្នកញៀនគ្រឿងញៀន មួយចំនួនបានប្រែ ក្លាយខ្លួនទៅជាមនុស្សដែលល្បីល្បាញ និងមានប្រយោជន៍នៅក្នុងសង្គម។ ដូច្នេះ លោកនួន ផារ័ត្នសូមឲ្យបងប្អូន ដែលញៀនគ្រឿងញៀន ទាំងអស់ប្រឹងប្រែង ដើម្បីបន្សាបគ្រឿងញៀនឲ្យបាន ដើម្បីបានទៅធ្វើការងារបម្រើផលប្រយោជន៍អោយសង្គមជាតិរបស់យើង។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទារាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានមានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ មានយុវជនបានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំមានចំនួន១៩៦៣នាក់ ក្នុងនោះមានស្រីចំនួន១៣៣នាក់”។
លោកស្រីបញ្ជាក់ថា កន្លងមកនេះយើងបានព្យាបាលបន្សាបដល់អ្នកញៀនគ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះមានស្រីចំនួន៣៦២នាក់ ដោយឲ្យពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនគ្រឿងញៀនកំពុងបន្សាបចំនួន១៩៦៣នាក់ ស្រី១៣៣នាក់ ដោយគិតត្រឹមថ្ងៃ១០ កញ្ញា២០១៨នេះ។
លោកស្រីបន្តថា ដោយការយកចិត្តទុកដាក់ គិតគូរខ្ពស់ ដល់បងប្អូនដែលកំពុងរងគ្រោះដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា មណ្ឌលសុខភាព ជាតម្រូវការចាំបាច់ ដែលអាចធានាដល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ ដល់ជនរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាល និងស្ដារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ការសាងសង់អគារមណ្ឌលសុខភាពឱកាសខ្ញុំ ចំនួន០១ខ្នង ០១ជាន់ ចំនួន ១១បន្ទប់ ដោយចាប់ផ្តើមសាងសង់កាលពីថ្ងៃ២១ កុម្ភៈ ឆ្នាំ២០១៧ និងបានស្ថាបនារួចរាល់នៅថ្ងៃ២៥ មករាឆ្នាំ២០១៨ និងបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលនេះ៕
Source: Kampuchea Thmey Daily
0 Comments