សៀមរាប ៖ កម្លាំងនគរបាលខេត្តសៀមរាបជាច្រើននាក់ បានចុះបង្ក្រាបករណីចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេយីយោ វី ឬ (ពីរ៉ាមីតចាស់) រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀនប្រុសស្រីចំនួន១៤នាក់និងឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង០១និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានឲ្យដឹងនៅព្រឹកថ្ងៃទី១១នេះថា ការចុះបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នគរខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងទទួលផែនប្រឆាំងបទល្មើសដោយមានការចូលរួមសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ខេត្តសៀមរាបនិងលោក សំរឹទ្ធសុខុនព្រះរាជអាជ្ញារងបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយមានការចូលរួមសហការពីកម្លាំងចំរុះចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានចុះបង្ក្រាបករណីចាត់ចែងនិងសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅទីតាំងខារ៉ាអូខេវី (ខារ៉ាអូខេពីរ៉ាមីតចាស់ ) ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ស្រី ០៥ នាក់ ឆែកឆេររកឃើញម្សៅ ខេពណ៌ស(ketamine) ចំនួន១៦កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញបាននាំខ្លួនមកធ្វើការសាកសួរដើម្បីចាត់ការតាមនីតិវិធីហើយទីតាំងខារ៉ាអូខេនោះត្រូវបានសមត្ថកិច្ចបិទបណ្តោះអាសន្នសិន។
ប្រភពឲ្យដឹងថា ទីតាំងខាងលើនេះគឺជាកងកម្លាំងនិងមានអំណាចគួរសម។ ករណីនេះគេកំពុងរង់ចាំចំណាត់ការរបស់សមត្ថកិច្ចជំនាញថា តើអាចចាត់ការកន្លែងជួញដូរគ្រឿងញៀនមួយនេះបានដែរ ឬ យ៉ាងណា៕
Source: Kampuchea Thmey Daily
0 Comments