ភ្នំពេញ ៖ បុរសពីរនាក់ដែលបានពួនសម្ងំសេពគ្រឿងញៀននៅក្នុងខ្ទមចាំដីឡូតិ៍មួយកន្លែងត្រូវបានមន្ដ្រីសាលាសង្កាត់ចោមចៅទី២ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ ចុះទៅក្រសោបបានភ្លាមៗ ថែមទាំងដកហូតបានសម្ភារៈសម្រាប់ជក់ និង មធ្យោបាយម៉ូតូពីរគ្រឿងយកមកប៉ុស្ដិ៍ដើម្បីកសាងឯកសារបញ្ជូនឲ្យផ្នែកព្រហ្មទណ្ឌចាត់ការបន្ដ កាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចដីឡូតិ៍ទំនេរមួយកន្លែងស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ការឃាត់ខ្លួននេះ សមត្ថកិច្ចដកហូតបានទូរស័ព្ទដៃចំនួន៤គ្រឿង និង សម្ភារៈសម្រាប់ជក់មួយចំនួនទៀត ម៉ូតូចំនួន២គ្រឿង និងសម្បកកញ្ចប់ថ្នាំពីថង់។ ជនសង្ស័យទាំងពីរនាក់នោះ ទី១មានឈ្មោះ សាន់ សម្បត្តិ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុនិងទី២ឈ្មោះ នុត ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិកើតហេតុ។
តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនអាជ្ញាធរសង្កាត់បានចុះធ្វើរដ្ឋបាលនៅតាមចំណុចស្មុកស្មាញមួយចំនួនដើម្បីរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់ខ្លួន ហើយដោយសារមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ផងនោះ ទើបកម្លាំងចុះទៅចំណុចនោះមុនគេក៏ប្រទះឃើញជនសង្ស័យកំពុងសម្ងំសេពថ្នាំញៀននៅក្នុងខ្ទមចាំដីដែលមានសភាពស្ងាត់ល្អ នៅពេលកម្លាំងចុះទៅដល់ពួកគេបម្រុងរត់គេចតែរត់មិនរួចព្រោះគ្មានផ្លូវចេញទើបកម្លាំងក្រសោបបានតែម្ដង។
ក្រោយពីធ្វើការសួរនាំហើយនោះជនសង្ស័យខាងលើនោះបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតមែនដោយពួកគេតែងតែរកកន្លែងស្ងាត់ដើម្បីសេពគ្រឿងញៀននេះ។
បច្ចុប្បន្នវត្ថុតាង និង ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍ចោមចៅទី២ បញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments