ពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងត្រឡប់មកដំណើរការប្រកួតសប្ដាហ៍ទី២០របស់ខ្លួននៅចុងសប្ដាហ៍នេះ ក្រោយសម្រាកមួយរយៈដើម្បីទុកឱកាសឲ្យក្រុមជម្រើសជាតិកម្ពុជា ធ្វើការប្រមូលផ្តុំហ្វឹកហាត់និងប្រកួតជាលក្ខណៈអន្តរជាតិ។
សរុបកម្មវិធីប្រកួតប្រចាំសប្ដាហ៍ទី២០នេះឃើញថា នៅថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមវិសាខា ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង៦ល្ងាចហើយព្រះខ័នរាជស្វាយរៀង ទទួលក្រុមសូលទីឡូអង្គរ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន AEU Sport Park ស្របពេលក្រុមណាហ្គាវើល ជួបក្រុមក្រសួងការពារជាតិ នៅវេលាម៉ោង៣រសៀលលើទីលានស្តាតចាស់។ ចំណែកនៅថ្ងៃអាទិត្យ ទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមវេស្ទើនភ្នំពេញ ប៉ះអង្គរថាយហ្គឺរ នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន ហើយក្រុមអាស៊ីអឺរ៉ុប ទទួលក្រុមភ្នំពេញក្រោន នៅវេលា៣រសៀលលើទីលានកីឡដ្ឋាន AEU Sport Park និងក្រុមបឹងកេត ប៉ះអគ្គីសនីកម្ពុជា នៅម៉ោង៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិ។
ងាកមកមើលចំណាត់ថ្នាក់បណ្តោះអាសន្នប្រចាំសប្ដាហ៍ទី១៩នេះវិញឃើញថា ក្រុមណាហ្គាវើល ឡើងឈរកំពូលតារាង មាន៤៧ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បឹងកេតអែហ្វស៊ី មាន៤៥ពិន្ទុ ហើយក្រុមវិសាខា ឈរលេខ៣ មាន៤២ពិន្ទុ។ ក្រុមលេខ៤ក្រសួងការពារជាតិ មាន៣៩ពិន្ទុ ខណៈក្រុមលេខ៥ ភ្នំពេញក្រោន មាន៣០ពិន្ទុ ក្រុមលេខ៦ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រុមលេខ៧ ព្រះខ័នរាជស្វាយរៀង មាន២៤ពិន្ទុដួចគ្នា។ ក្រុមលេខ៨ អង្គរថាយហ្គឺរ មាន២៣ពិន្ទុ លើក្រុមលេខ៩ អាស៊ីអឺរ៉ុប មាន២០ហើយក្រុមលេខ១០ សូលទីឡូអង្គរ មាន១៦ពិន្ទុ ស្របពេលក្រុមអគ្គីសនីកម្ពុជា ឈរលេខ១១មាន៩ពិន្ទុ និងក្រុមវេស្ទើនភ្នំពេញ ឈរលេខ១២ មាន១ពិន្ទុ។
ចំណែកក្រុមជម្រើសជាតិកម្ពុជា វិញបានកោះហៅកីឡាករឆ្នើមៗចំនួន២៣នាក់ ចេញពីក្លិបល្បីៗនៅលីគកំពូលកម្ពុជា និងម្នាក់ទៀតមកពីលីគកំពូលម៉ាឡេស៊ី ប្រមូលផ្តុំបានមួយរយៈពេលក្រោមការដឹកនាំពីសំណាក់អ្នកចាត់ការទូទៅKeisuke Honda ដោយបានប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងមាន២២សប្ដាហ៍ ដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម៕
Source: Kampuchea Thmey Daily
0 Comments