ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្ដម្នាក់ បានរងរបួសធ្ងន់ និង អ្នករួមដំណើររងរបួសស្រាល បន្ទាប់ពីផឹកស្រាស្រវឹង ហើយយកឡានមិត្តភក្ដិរបស់ខ្លួនដែលទើបនឹងទិញផងបើកលឿនជ្រុលទៅរបាំងថ្មពុះចែកទ្រូងផ្លូវមុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ បណ្ដាលឲ្យខ្ទេចឡានបើកទៅមុខលែងរួចហើយម្ចាស់ឡានបានត្រឹមហួសចិត្ត និងអាម៉ាកម្នាក់នេះ។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខ ប្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងភូមិសាស្ដ្រភូមិក្បាលដំរី២សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កម៉ាកលុចស៊ីស RX300ពណ៌សពាក់ស្លាកលេខ2AW-1680 បើកបរដោយបុរសម្នាក់និងនាក់រួមដំណើរម្នាក់ទៀតក្នុងទិសដៅពីលិចទៅកើត រងរបួសធ្ងន់តៃកុងម្នាក់និងអ្នករួមដំណើររងរបួសស្រាល។
តាមប្រភពព័ត៌មានពី អ្នកឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ខាងលើបើកបរក្នុងស្ថានភាពស្រវឹងបានហើយរេពេញផ្លូវ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនបើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ទៀត លុះបើកមកដល់ចំណុចកើតហេតុ រថយន្តបង្កបានរេចង្កូតបំរុងបុកឃឿនសួនច្បារនៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញផ្នែកខាងលិចម្ដងទៅហើយ តែពេលនោះបួងចង្កូតគេចផុតបន្ទាប់មកទៀតបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវមួយទៀតពេញទំហឹងបណ្តាលឲ្យរបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតតិចតួច ចំណែករថយន្ត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យបែកធ្លាយប្រេងម៉ាស៊ីនហូរពេញផ្លូវនិងបណ្តាលឲ្យរងរបួសធ្ងន់តៃកុងម្នាក់ និង អ្នករួមដំណើររងរបួសស្រាល ហើយអ្នករងរបួសធ្ងន់ត្រូវបានសាមុយឯកជនសម្ភពរស្មីដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប្រភពបន្តថា បន្ទាប់ពីមានករណីគ្រោះថ្នាក់នេះភ្លាមៗ ទើបដឹងថា អ្នកបើកបររថយន្តខាងលើបានយករថយន្តមិត្តភ័ក្ដិដែលផឹកស៊ីជាមួយគ្នាមកដោយម្ចាស់រថយន្តថា រូបគាត់មិនបានដឹងថា មិត្តភ័ក្ដិរបស់ខ្លួនយករថយន្តគាត់ចេញពីផ្ទះមកទេ ពេលគ្រោះថ្នាក់ទើបគាត់ដឹង ហើយម្ចាស់រថយន្តបាននិយាយថា រថយន្ដរបស់គាត់ទើបតែទិញបាន៣ខែប៉ុណ្ណោះកំពុងពេញស្រឡាញ់ផងមិនគួរអាម៉ាកបើកមកបុកថ្មខូចខ្ទេចចឹងសោះ៕
Source: Kampuchea Thmey Daily
0 Comments