ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផល៣ទល់១ ក្នុងប្រកួតមិត្តភាពអន្តរជាតិ នៅយប់ថ្ងៃច័ន្ទ ទី១០ ខែកញ្ញា លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ខណៈគ្រូបង្វឹករបស់ក្រុមទាំង២សុទ្ធតែបង្ហាញទស្សនៈរៀងៗខ្លួននៅក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការប្រកួត។
សម្រាប់លោក Tan Cheng Hoe គ្រូបង្វឹកម៉ាឡេស៊ី បានបង្ហាញទស្សនៈរបស់ខ្លួនដែលថា «ជាការពិត វាមិនមានជារឿងងាយស្រួលនោះទេ ពេលរៀបចំប្រព័ន្ធថ្មី គ្រូបង្វឹកថ្មី តែក៏មិនមែនជារឿងងាយស្រួលដែរ សម្រាប់ការយកឈ្នះកម្ពុជា ហើយយើងសង្ឃឹមថា កីឡាករនឹងយកបទពិសោធន៍ដ៏ល្អនេះ សម្រាប់ប្រើប្រាស់ពេលជួបកម្ពុជា ពេលបើកឆាកពាន AFF Suzuki Cup នាដើមខែវិច្ឆិកា»។
គ្រូបង្វឹកក្នុងស្រុករូបនេះបានបញ្ជាក់ទៀតថា «វាមានផលវិជ្ជមាន និងអវិជ្ជមានជាច្រើន ដែលត្រូវកែតម្រូវ តែរយៈពេល ២ខែចុងក្រោយ យើងជឿជាក់ថា យើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ត្រៀម Suzuki Cup។ ខ្ញុំមើលឃើញកីឡាករកម្ពុជាមានទឹកចិត្ត និងការប្រកួតប្រជែងខ្ពស់ តែកីឡាករខ្ញុំ ហាក់ផ្សាំនឹងស្ថានភាពបែបនេះ ដែលធ្វើឲ្យក្រុមយើងទទួលបានជ័យជម្នះក្នុងការប្រកួតថ្ងៃនេះ»។
ដោយឡែកលោក Keisuke Honda អ្នកចាត់ការទូទៅរបស់កម្ពុជា បានលើកឡើងថា «ទាក់ទងនឹងលទ្ធផលនេះ គឺជាទំនួលខុសត្រូវរបស់ខ្ញុំ ហើយប្រកួតនេះយើងរកឃើញចំណុចខ្វះខាត ហើយយើងសង្ឃឹមនឹងធ្វើបានល្អនៅការប្រកួតបន្ទាប់។ ខ្ញុំអបអរសាទរម៉ាឡេស៊ី ពួកគេស័ក្តិសមទទួលជ័យជម្នះថ្ងៃនេះ តែជាសំណាងមិនល្អសម្រាប់យើង។ និយាយជារួម ខ្ញុំពេញចិត្ត ចំពោះទម្រង់លេងរបស់កីឡាករកម្ពុជាថ្ងៃនេះ»។
អតីតកីឡាករជម្រើសជាតិដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅលីគកំពូលប្រទេសអូស្ត្រាលី រូបនេះបានបន្តថា «យើងព្យាយាមស្វែងរកចំណុចខ្សោយ ឬរកហេតុផល រាល់ពេលចាញ់ ហេតុអ្វីយើងចាញ់ តែពេលនេះខ្ញុំចង់និយាយពីចំណុចខ្លាំងរបស់កម្ពុជាច្រើនជាង ពីព្រោះយើងអាចបង្ហាញដល់អ្នកទាំងអស់គ្នា នូវអ្វីដែលយើងចង់លេង ជាក់ស្ដែង ៣០នាទីយើងធ្វើបានល្អ តែយើងត្រូវកែតម្រូវបន្ថែមទៀត ព្រោះបាល់ទាត់លេង ៩០នាទី ដែលត្រូវព្យាយាមធ្វើឲ្យកាន់តែល្អ»។
សូមរំលឹកថា ប្រកួតការប្រកួតដែលកាត់សេចក្តីដោយអាជ្ញាកណ្ដាលជនជាតិវៀតណាម Nguyễn Hiền Triế នៅយប់ថ្ងៃច័ន្ទសប្ដាហ៍នេះក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជាង៣ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះកម្ពុជា បានរកគ្រាប់បាល់នាំមុខមុន១គ្រាប់នៅនាទី១៨ ខណៈក្រុមភ្ញៀវម៉ាឡេស៊ី បានរកគ្រាប់បាល់វាយបកវិញ៣គ្រាប់ដោយកីឡាករ Shahrul Saad នៅនាទី៦២ ហើយកីឡាករ Syazwan Fikri នៅនាទី៩០+២៕
Source: Kampuchea Thmey Daily
0 Comments