Ad Code

លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ទទួលមរណភាព​នៅ​ប្រទេស​ស្វី​ស​



យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​មូលនិធិ​គន្ធបុប្ផា បាន​ឲ្យ​ដឹងថា លោក​វេជ្ជបណ្ឌិត Beat Richner ​ដែលជា​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​ បានទទួល​មរណភាព​ហើយ​ដោយ​សារ​ជំងឺ​ក្នុង​វ័យ​៧១​ឆ្នាំ នៅក្នុង​ទីក្រុង Zurich​នៃ​ប្រទេស​ស្វី​ស នៅ​ម៉ោង​២​និង​៤៥​នាទី​ថ្ងៃទី​៩​ ខែកញ្ញា​នេះ។ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទីបំផុត ចំពោះ​ការទទួល​មរណភាព​របស់​លោក វេជ្ជបណ្ឌិត Beat Richner។

លោក​វេជ្ជបណ្ឌិត Beat Richner មានឈ្មោះ​ល្បី​មួយទៀត គឺ Beattocello ដែលជា​ឈ្មោះ​សម្រាប់​ហៅ​ពេលដែល​លោក​ប្រគំ​ឧបករណ៍ Cello រៃអង្គាស​ថវិកា​ដើម្បី​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ដែល​បាន​ជួយ​កុមារ​កម្ពុជា​រាប់លាន​មកហើយ។

បន្ទាប់ពី​បញ្ចប់​ការសិក្សា​ជំនាញ​ពេទ្យ​កុមារ​ក្នុង​ឆ្នាំ​១៩៧៣ លោក Beat Richner ត្រូវបាន​កាកបាទក្រហម​នៃ​ប្រទេស​ស្វី​ស បញ្ជូន​មក​បំពេញបេសកកម្ម​សប្បុរសធម៌​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៧៤ ដល់​ឆ្នាំ​១៩៧៥ ដែល​ជា​ឆ្នាំ​ដែល​ខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច ហើយ​លោក​ត្រូវបាន​បង្ខំ​ឲ្យ​ចាក​ចេញពី​កម្ពុជា​។​ នៅក្នុង​ឆ្នាំ​១៩៩១ លោក​Beat Richner ត្រូវ​បានស្នើ​មកជួយ​ដឹកនាំ​មន្ទីរ​គន្ធបុប្ផា​រហូតដល់​លោក​អាច​ពង្រីក​មន្ទីរពេទ្យ​បាន​ដល់​៥​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ និង​នៅក្នុង​ខេត្ត​សៀម​រា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

លោក​វេជ្ជបណ្ឌិត Richner បានចាប់ផ្តើម​បើក​ដំណើរការ​មន្ទីរពេទ្យ មនុស្សធម៌​គន្ធបុប្ផា​ជួយ​ព្យាបាល​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ​តាំងពី​ឆ្នាំ​១៩៩២​មក​ម្ល៉េះ។ គិត​មកដល់​ត្រឹម​ឆ្នាំ​២០១៦ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចំណាយ​ថវិកា​ជាង ៥០០​លាន​ដុល្លារ សម្រាប់​ការ​ព្យាបាល ក្នុង​នោះ​ប្រមាណ​៤០០​លាន​ដុល្លារ បាន​មក​ពី​សប្បុរសជន​នៅ​ប្រទេស​ស្វី​ស និង​ប្រមាណ ៧​ភាគរយ ជា​ការ​ចូលរួម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៨.៨% ជា​ការ​ចូលរួម​របស់​រដ្ឋាភិបាល​ស្វី​ស (​រដ្ឋាភិបាល​ស្វី​ស បាន​ផ្តល់​ជំនួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ៤​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​) ក្រៅពីនោះ​ជា​ការ​ចូលរួម របស់​សប្បុរសជន​ក្នុង និង​ក្រៅ​ស្រុក​ដទៃ​ទៀត​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu