ភ្នំពេញ ៖ ក្រៅពីភារកិច្ចល្បាតការពារតាមមូលដ្ឋាន២៤ម៉ោងលើ២៤ម៉ោងនោះ ជារៀងរាល់ថ្ងៃចុងសប្តាហ៍ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញធ្វើអនាម័យសម្អាតបរិស្ថាន និង លាងសម្អាតក៏ដូច ត្រួតពិនិត្យបច្ចេកទេស យានយន្តដើម្បីធានាដល់ការបម្រើប្រតិបត្តិការប្រចាំថ្ងៃការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ។
មន្ត្រីអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងនៅល្ងាចថ្ងៃទី៨ ខែកញ្ញាថា ជាទម្លាប់រៀងរាល់ថ្ងៃចុងសប្តាហ៍កម្លាំងកងរាជអាវុធហត្ថ ក្រោកធ្វើអនាម័យ ហាត់ប្រាណ ប្រជុំជួរត្រួតពិនិត្យកម្លាំង ទទួលបទបញ្ជារបស់លោកឧត្តមសេនីយ៍រ័ត្ន ស្រ៊ាង ចេញបេសកកម្មតាមគោលដៅ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ ប្រតិភូជាតិ អន្តរជាតិជារៀងរាល់ថ្ងៃ។
ប្រភពបន្តថា កម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ បានចេញល្បាតតាមសង្កាត់នីមួយៗក្នុង ខណ្ឌសែនសុខនារាត្រី។ ក្រៅពីមមាញឹកពេលថ្ងៃ កម្លាំងអាវុធហត្ថខណ្ឌទាំង១២ នៃរាជធានីភ្នំពេញ បានបន្តចេញល្បាតការពារ សន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ទាំងនៅលើដងផ្លូវ និងទាំងកំពុងនៅសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន នាពេលរាត្រី។
កម្លាំងអាវុធហត្ថខណ្ឌព្រែកព្នៅបានសហការ និង គណៈបញ្ជាការឯកភាពខណ្ឌ និងកម្លាំងចម្រុះ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមភូមិសាស្ត្រព្រែកព្នៅ។ នៅយប់ដដែលនោះកម្លាំងល្បាត កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារបានធ្វើការល្បាតការពារនិងដាក់កម្លាំងសហការជាមួយនគរបាល សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញដើម្បីចេញត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយបើត្រួតពិនិត្យប៉ះចំមុខសញ្ញាសង្ស័យនោះនឹងចាត់បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថរាជធានីដើម្បីចាត់ការតាមច្បាប់បន្ត៕
Source: Kampuchea Thmey Daily
0 Comments