ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូងនីតិកាលទី៦ នៃរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាស់តឿនដល់មន្ត្រីរាជការគ្រប់ជាន់ ក្រោយពីការរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីរួចត្រូវចុះទៅមើល ប្រជាពលរដ្ឋដែលកំពុងរង់ចាំមើលសកម្មភាពរបស់រាជរដ្ឋាភិបាលថា តើបានតបស្នងចំពោះពួកគាត់ដែរឬទេ? ហើយស័ក្តិសមនឹងការបោះឆ្នោតគាំទ្រ និងបំណងប្រាថ្នារបស់ពួកគាត់ដែរឬទេ។ សម្តេចបន្តថា "បើមិនបានជួយអ្វីដល់ប្រជាជនសូមមេត្តាកុំឲ្យប្រជាជនស្រក់ទឹកភ្នែកទទួលរងការឈឺចាប់និងរងគ្រោះដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង"។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់សហសេវិករបស់សម្តេចថា " ខ្ញុំសូមឲ្យសហសេវិកទាំងអស់ទទួលយកយុទ្ធសាស្ត្រនេះ ក្នុងទឹកចិត្តស្មោះត្រង់ និង ឆន្ទៈប្តូរផ្តាច់បំផុត ខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ដោយស្មារតីប្រុងប្រយ័ត្នដឹកនាំស្ថាប័នរបស់ខ្លួនឲ្យបានល្អ ដោះស្រាយបញ្ហាឲ្យមានប្រសិទ្ធភាពខិតខំកែប្រែនូវអាកប្បកិរិយាទម្លាប់ការងារមិនល្អចោល ហើយត្រូវរក្សាទំនាក់ទំនងល្អ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន និងចុះជាប់ ជួយប្រជាជន"។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា « យើងមិនត្រូវធ្វើឲ្យប្រជាជនខកចិត្តដោយសារទង្វើអសកម្ម និងការខុសឆ្គងរបស់យើងនោះទេ។ ប្រសិនបើមិនបានជួយអ្វីដល់ប្រជាជន សូមមេត្តាកុំឲ្យប្រជាជន ស្រក់ទឹកភ្នែក ទទួលរងការឈឺចាប់ និងរងគ្រោះ ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង »។
ជាមួយនឹងប្រសាសន៍ដាស់តឿនមន្ត្រីក្រោមឱវាទ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រជាជនកម្ពុជាបានផ្តល់ឆ្នោតផ្តល់ជំនឿទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសជាតិ និងបម្រើប្រជាជនក្នុងរយៈពេល ៥ឆ្នាំបន្តទៀត។ ទំនុកចិត្តនេះ ជាការលើកទឹកចិត្តដ៏មហិមាដល់រាជរដ្ឋាភិបាល ដែលយើងត្រូវមានកាតព្វកិច្ចរែកពុនការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់បំពេញតាមបំណងប្រាថ្នារបស់ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ថ្វីដ្បិតសមត្ថភាពបុគ្គលម្នាក់ៗមានព្រំដែនកំណត់រៀងៗខ្លួន ក៏ពិតមែន ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយស្មោះ ពិតជាគ្មានដែនកំណត់ទេ ដូច្នេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវរួមសាមគ្គីជាធ្លុងមួយក្នុងការបម្រើប្រជាពលរដ្ឋរបស់ខ្លួន ដែលបញ្ហានេះពិតជាគ្មានការពិបាក និងគ្មានឧបសគ្គណាដែលមន្ត្រីមិនអាចពុះពារបានឡើយ។
ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវជំរុញអនុវត្តនូវសកម្មភាពឱ្យប្រទាក់ក្រឡាគ្នា ប្រកបដោយចីរភាពជាប់មិនដាច់នៅគ្រប់ការដ្ឋានទាំងអស់ដើម្បីសម្រេចបាននូវវឌ្ឍនភាពនៅក្នុងបេសកកម្មនេះ ។ គ្មានគោលដៅអ្វីសំខាន់ជាងគោលដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏គ្មានភារកិច្ចអ្វីដែលត្រចេះត្រចង់ជាងនេះដែរ៕
Source: Kampuchea Thmey Daily
0 Comments