ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា នៅក្នុងទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ។
ពិព័រណ៍ចិន-អាស៊ានលើកទី១៥ នេះធ្វើឡើងក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន»។ ពិព័រណ៍នេះ មានការដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាននិងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជន នៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និង ទេសចរណ៍ឲ្យកាន់តែប្រសើរឡើង។
ដំណើរទស្សនកិច្ចផ្លូវការដំបូងនៃនីតិកាលទី ៦ នេះត្រូវបានអមដំណើរដោយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។
ក្នុងនាមជាប្រទេសកិត្តិយសនៅក្នុងពិព័រណ៍ឆ្នាំនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្ត្រីចិននឹងធ្វើជាអធិបតីក្នុងពិធីកាត់ខ្សែបូដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា និងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ។ មិនតែប៉ុណ្ណោះ សម្ដេចនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយឥស្សរជន ថ្នាក់ដឹកនាំខេត្តក្វាងស៊ី និង ធុរកិច្ចសំខាន់ៗនៃក្រុមហ៊ុននានារបស់ចិនទៀតផង។
ពិព័រណ៍ចិន-អាស៊ានត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងសំខាន់គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និង ពាណិជ្ជកម្មឲ្យកាន់តែស៊ីជម្រៅដើម្បីសម្រេចឲ្យបាននូវគោលដៅវិនិយោគទុនទំហំទឹកប្រាក់ ១ ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង ១៥០ ពាន់លានដុល្លារ ពីតំបន់អាស៊ានទៅកាន់ប្រទេសចិននៅត្រឹមឆ្នាំ២០២០ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ ។
ពិព័រណ៍ពាណិជ្ជកម្ម ចិន-អាស៊ាន លើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងនោះកម្ពុជានឹងធ្វើជាប្រទេសកិត្តិយសស្របពេលទំនាក់ទំនងការទូតកម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រៅពីការតាំងបង្ហាញផលិតផលនិងសេវា កម្ពុជាក៏នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និង បរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនិងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជាអមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគមួយចំនួនក៏ដូចជារៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ និងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសចិនដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម។
សម្រាប់កម្មវិធីពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ានជារៀងរាល់ឆ្នាំកម្ពុជា តែងតែរៀបចំពន្លាជាតិ ដើម្បីបង្ហាញពីកិត្តិនាមរបស់ប្រទេសដល់អ្នកចូលរួមឲ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា។
សម្រាប់ឆ្នាំ២០១៨ នេះកម្ពុជានឹងរៀបចំជាពន្លាជាតិមួយដោយយកប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ ធ្វើជាទីក្រុងស្រស់ប្រិមប្រិយនិងមានអគារមួយទំហំ ៤៥ X ៦០ម៉ែត្រដែលអាចរៀបចំបាន១៤៦ ស្តង់ សម្រាប់បង្ហាញផលិតផល និងសេវារបស់ប្រទេសផងដែរ។
បើយោងតាមកម្មវិធីគ្រោងទុកបន្ទាប់ពីចូលរួមពិព័រណ៍ពាណិជ្ជកម្មចិន-អាស៊ាន ពីថ្ងៃទី១០ ដល់ ១២ ខែកញ្ញានៅប្រទេសចិន។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃទី ១២ កញ្ញា នឹងធ្វើដំណើរចាកចេញពីទីក្រុងណាននីង ហោះត្រង់ទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។ នៅថ្ងៃទី ១៣ ខែ កញ្ញា ប្រមុខរាជរដ្ឋាភិបាលនឹងវិលត្រឡប់មកកាន់មាតុភូមិវិញ៕
Source: Kampuchea Thmey Daily
0 Comments