កំពង់ធំ ៖ អង្ករចំនួន៣,០០០ គីឡូក្រាម (បីតោន) មីយើងចំនួន២០០ កេស បន្ថែមទៀត ត្រូវបានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជន តាមរយៈឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ។
ដោយឃើញពីសកម្មភាពមមាញឹករបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក្នុងការស្វែងយល់ពីសុខទុក្ខ និងតម្រូវការជីវភាពរស់នៅរបស់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាក ខ្វះខាតនៅតាមបណ្ដាមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំ បានយ៉ាងល្អប្រសើរ និងដើម្បីបន្តបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀត នៅក្នុងអណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មីនេះ តាមរយ:ឯកឧត្តមឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត សម្ដេចតេជោហ៊ុន សែន បានបន្តឧបត្ថម្ភអង្ករចំនួន៣,០០០ គីឡូក្រាម និងមីចំនួន២០០កេសបន្ថែមទៀត ដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនខេត្ត នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំលោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា នេះគឺជាការគិតគូរយកចិត្តទុកដាក់ចំពោះកិត្តិយស និងការដឹងគុណ ចំពោះការធ្វើពលីកម្មដ៏មានតម្លៃរបស់អតីតយុទ្ធជន ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។ លោកបន្ថែមថា ក្រុមការងារសមាគមអតីតយុទ្ធកម្ពុជាខេត្តកំពង់ធំ ប្តេជ្ញាចិត្តដាច់ខាតបន្តឆ្ពោះទៅកាន់មូលដ្ឋានដើម្បីបម្រើប្រជាជនឲ្យបានទ្វេដងថែមទៀតដោយមិនគិតពីការលំបាកហត់នឿយឡើយ ហើយនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានយកចិត្តទុកដាក់ចំពោះ កម្រិតជីវភាព និងកិត្តិយសរបស់កងទ័ព អតីតយុទ្ធជន យុទ្ធជនពលី និងគ្រួសារកងទ័ព។
សូមបញ្ជាក់ថា ក្រុមការងារសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានយកចិត្តទុកដាក់ធ្វើសកម្មភាពការងារ សមាគមអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំ យ៉ាងសកម្មប្រកបដោយទឹកចិត្ត និងគុណតម្លៃខ្ពស់តាមរយៈការចុះស្វែងយល់ពីសុខទុក្ខ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ចុះជួបសំណេះសំណាល សាកសួសុខទុក្ខ និងបានប្រគល់ជូននូវគ្រឿងឧបភោគ បរិភោគ យកចិត្តទុកដាក់សម្របសម្រួលការព្យាបាល។
ជាពិសេសសមាគមបានចុះជួយកសាងផ្ទះជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត បានចំនួន៩៥ផ្ទះហើយ ដែលទាំងនេះគឺជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងសប្បុរសជនដទៃទៀត៕
Source: Kampuchea Thmey Daily
0 Comments