ភ្នំពេញ៖ ផ្សារទំនើប MidTOWN MALL ដែលមានទីតាំងស្ថិតនៅលើផ្លូវ ២០០៤ កែងជាមួយផ្លូវ ១៣B បង្កើតឡើងដោយក្រុមហ៊ុនតៃវ៉ាន់ ឈ្មោះ Kao Cheng International Enterprise Co., Ltd មានទំហំ ៨,៨៨១ ម៉ែត្រការ៉េ នឹងចាប់ផ្ដើមដំណើរការ នៅក្នុងខែធ្នូ ឆ្នាំ២០១៨នេះហើយ។ នេះបើយោងតាមការប្រកាសរបស់ លោកស្រី លីន យិនជុន អ្នកចាត់ការទូទៅ នៃក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd នៅក្នុងកម្មវិធីជួបជាមួយ អតិថិជនជួលរបស់ខ្លួន កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
លោកស្រីបានបន្តទៀតថា លោកស្រីចង់បង្កើតម៉ាកយីយោ MidTOWN MALL ឲ្យក្លាយជាប្រតិបត្តិករផ្សារទំនើប ដែលជាជម្រើសដៃគូរសហការដ៏ល្អ សម្រាប់អ្នកជួល និងឲ្យលើសពីទំនាក់ទំនងរវាងអ្នកជួល និងម្ចាស់ផ្សារ ក្នុងយុទ្ធសាស្ត្រថ្មីមួយ ដែលលោកស្រីហៅថា “គំរូជំនួញផ្សារទំនើបថ្មី”។
លោកស្រីបានបញ្ជាក់ថា៖ “យើងនឹងមិនបង្កើតការប្រកួតប្រជែង ដោយមិនសមហេតុផល ហើយយើងនឹងមិនទុក អ្នកណាម្នាក់ចោលនោះទេ។ យើងនឹងប្រយុទ្ធជាមួយគ្នា ហើយយើងនឹងរីកចម្រើន និងជោគជ័យជាមួយគ្នា”។
បើយោងតាមការធ្វើបទបង្ហាញ របស់លោកស្រី ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ នៃក្រុមហ៊ុន CBRE បានឲ្យដឹងថា ផ្សារទំនើប MidTOWN MALLមានកំពស់ ៣ជាន់ ប្រមូលផ្ដុំដោយហាងដ៏សម្បូរបែបរួមមាន ហាងលក់អាហារ និងភេសជ្ជៈគ្រប់មុខ រោងគុន ផ្សារ និងកន្លែងកម្សាន្តរបស់កុមារ និងមនុស្សជំទង់។
គោលបំណងរបស់ ផ្សារទំនើប MidTOWN MALL គឺចង់ក្លាយជាកន្លែងសម្រាប់គ្រួសារ កុមារ និងយុវវ័យជួបជុំ បរិភោគអាហារ ទិញទំនិញ និងកំសាន្តពេញមួយថ្ងៃ។ ដើម្បីសម្រេចបានូវបេសកកម្មនេះ ផ្សារទំនើបថ្មីនេះ បានរៀបចំផែនការដោយប្រុងប្រយ័ត្ន ក្នុងការរៀបចំ និងគ្រប់គ្រងផ្សារទំនើបនេះ ឲ្យបានល្អជាមុន។ ជាក់ស្ដែង ការរចនាស្ថាបត្យកម្ម ត្រូវបានផ្អែកទៅលើគោលដៅ ២ គឺការបង្កើតទីកន្លែងសម្គាល់ក្នុងចិត្តប្រជាជន និងការបង្កើតអគារ ដែលមាននិរន្តរភាព។ ការបំពាក់នូវកញ្ជក់លើដំបូល សម្រាប់ឲ្យពន្លឺចូល រួមជាមួយនឹងការដាំដើមឈើក្នុងបរិវេណផ្សារ ផ្ដល់នូវពន្លឺ និងខ្យល់អាកាសគ្រប់គ្រាន់ ធ្វើឲ្យអ្នកដើរផ្សារ មិនយល់ថា ខ្លួនស្ថិតនៅក្នុងអគារអួរអាប់ តែផ្ទុយទៅវិញ ទទួលបានូវអារម្មណ៍ស្រស់ស្រាយ បែបធម្មជាតិ។
ផ្សារទំនើបនេះ ក៏ផ្ដល់នូវទីកន្លែងធំទូលាយ សម្រាប់បរិវេណផ្សារទូទៅរហូតដល់ទៅ ៥០ភាគរយនៃទំហំផ្សារសរុប សម្រាប់អ្នកដើរផ្សារ ដើរលេង និងជួបជុំ បង្កើតជាចំណុចប្រជុំជនមួយ សម្រាប់សហគមន៍។
ផ្សារទំនើបនេះ មានតូបសរុបចំនួន ៣២ ចាប់ពីទំហំតូចទៅមធ្យមនិងធំ ស្ដង់តូចៗចំនួន ២ និងកន្លែងដាក់ម៉ាស៊ីនដកប្រាក់ ចំនួន ៣។ បើគិតជាភាគរយ ទីតាំងសម្រាប់ការកម្សាន្តមាន ៤៤%, ភោជនីយដ្ឋាន មាន ៣២%, ផ្សារទំនើបមាន ២៣% និងផ្សេងៗទៀតសម្រាប់សេវាកម្មផ្សេងៗ។
ផ្សារទំនើប MidTOWN MALL ត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Kao Cheng International Enterprise Co., Ltd ដែលជាអ្នកអភិវឌ្ឍន៍ មានបទពិសោធន៍ជាង ២៥ឆ្នាំ គ្របដណ្ដប់យ៉ាងទូលំទូលាយលើផ្នែកអភិវឌ្ឍន៍, ការកសាង, ការជួសជុល និងការបម្រើសេវាកម្មអតិថិជន។ ក្រុមហ៊ុនអភិវឌ្ឍន៍នេះ មានមូលដ្ឋាននៅប្រទេសតៃវ៉ាន់ ហើយចង់នាំយកនូវបទពិសោធន៍របស់ខ្លួន មកកាន់ទីផ្សារកម្ពុជា ដើម្បីជាប្រយោជន៍ដល់អ្នកធ្វើអាជីវកម្ម និងអ្នកដើរផ្សារនៅប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments