Ad Code

ចាប់បាន​ឈ្មួញ​គ្រឿងញៀន​២​នាក់​ និង ​ថ្នាំ​ចំនួន​២២​កញ្ចប់



កណ្តាល​ ៖​ ឈ្មួញ​គ្រឿងញៀន​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​ជាមួយ​វត្ថុ​តាង​ថ្នាំញៀន​ចំនួន​២២​កញ្ចប់​នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​០០​នាទី ចំណុច រោង​ស្នាក់​នៅ​របស់​ឈ្មោះ ម៉េង វិ​ចិត្ត ស្ថិត​ក្នុងភូមិ ពោធិ៍​កណ្តាល ឃុំ ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។

លោក​វរសេនីយ៍ឯក សេង សុជាតិ​ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ ចំនួន​០២​នាក់ (​ឃាត់ខ្លួន​) ១ / ឈ្មោះ ម៉េង វិ​ចិត្ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ​បេះ​ស្វាយ ទីលំនៅ​បច្ចុប្បន្ន​ភូមិ ពោធិ៍​កណ្តាល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។

២ / ឈ្មោះ អ៊ ណា​រ៉ា ហៅ ម៉ា​យ ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅ​បច្ចុប្បន្ន​ភូមិព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។​ វត្ថុ​តាង​ចាប់​យក​រួមមាន​១ / ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ថា ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២២​កញ្ចប់ ក្នុង​នោះ ធំ ០១​កញ្ចប់ , មធ្យម ០៣​កញ្ចប់ និង​១៨​កញ្ចប់​តូច។ ២ / ឧបករណ៍​សំរាប់​ប្រើប្រាស់​មួយចំនួន។



​លោក​អធិការ​បញ្ជាក់ថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ ក្រោយ​ទទួល​បាន​ព័​ត៌​មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន នៅ​ចំណុច​ខាងលើ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ត្រើយ​ស្លា បាន​ចុះ​ដល់​ចំណុច​កើតហេតុ។

ដោយមាន​ការចូលរួម​ពី​លោក​មេភូមិ​ពោធិ៍​កណ្តាល សមត្ថកិច្ច​នគរបាល បាន​ធ្វើ​ការ​ត្រួតពិនិត្យ រោង​ស្នាក់​នៅ​របស់​ឈ្មោះ ម៉េង វិ​ចិត្ត រក​ឃើញ​ម្សៅ​ក្រាម​ ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០៧​កញ្ចប់​តូច នៅក្នុង​រោង រួច​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង បញ្ជូន​មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ត្រើយ​ស្លា ដើម្បី​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ ម៉េង វិ​ចិត្ត បាន​សារភាព​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ ១០០,០០០៛ (​ដប់​ម៉ឺន​រៀល​) ពី​ឈ្មោះ អ៊ ណា​រ៉ា ហៅ ម៉ា​យ នៅ​ភូមិព្រែក​ប៉ាន ឃុំត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត។

នៅ​វេលា​ម៉ោង១៦​និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ទទួល​បាន​ការ​ឯកភាព​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្តាល អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង បន្ត​ទៅ​ឃាត់ខ្លួន​ឈ្មោះ អ៊ ណា​រ៉ា ហៅ ម៉ា​យ នៅ​ភូមិ ព្រែក​ប៉ាន ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល និង​ត្រួតពិនិត្យ​ឆែកឆេរ​លំនៅឋាន​របស់​ឈ្មោះ អ៊ ណា​រ៉ា រកឃើញ​ម្សៅ​ក្រាម​ព​ណ៌ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១៥​កញ្ចប់ ក្នុង​នោះ ធំ ០១​កញ្ចប់ , មធ្យម ០៣​កញ្ចប់ និង តូច ១១​កញ្ចប់។

នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អ៊ ណា​រ៉ា ហៅ ម៉ា​យ បាន​សារភាព​ថា ខ្លួន​បាន​ទៅ​ទិញ​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ ៣,២០០,០០០៛ (​បី​លាន​ពីរ​សែន​រៀល​) ពី​ឈ្មោះ ស្រួច ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ចំណុច​វត្ត​ព្រែក​ដូង ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​យក​មក​វេច​ខ្ចប់​លក់​បន្ត ហើយ​ឈ្មោះ អ៊ ណា​រ៉ា បាន​សារភាព​បន្ថែម​ទៀត​ថា ខ្លួន​ពិតជា​បាន​លក់​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ០១​កញ្ចប់​ធំ តម្លៃ ១៥០,០០០៛ ទៅកាន់​ឈ្មោះ ម៉េង វិ​ចិត្ត ពិតប្រាកដ​មែន។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​បន្ដ​អនុវត្ដ​តាម​នីតិវីធី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu