Ad Code

សិស្ស​ប៊ែ​ល​ធី​ជាង​៥០០០​នាក់ ចូលរួម​បិទ​ការប្រកួត​កីឡាបាល់ទាត់​ដណ្តើមពាន​រង្វាន់​ឆ្នាំ​២០១៨U-13 &U-16



ភ្នំពេញ ​៖ នៅ​រសៀល​ថ្ងៃទី​២២​ខែកញ្ញា ឆ្នាំ​២០១៨​សាលា​ប៊ែ​ល​ធី អន្តរជាតិ​បាន​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​ពានរង្វាន់​សាលា​ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៨(BELTEI CHAMPIONS TROPHY 2018)​ដែលមាន​ក្រុម​ប្រកួត U-13 ចំនួន ១៨​ក្រុម​និង​U-16 ចំនួន ១៦​ក្រុម មកពី​សាលា ប៊ែ​ល​ធី ទាំង ១៨​សាខា និង​មាន​សិស្សានុសិស្ស ចូលរួម​គាំទ្រ ចំនួន​ជាង​៥.០០០​នាក់​នៅ​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (​អូឡាំពិក​)​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត លី ឆេង តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​និង​ជា​អគ្គនាយក ប៊ែ​ល​ធី​គ្រុប និង​លោកជំទាវ​។​

លោក​លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បានអោយដឹងថា​ការប្រកួត​កីឡាបាល់ទាត់ ពានរង្វាន់​សាលា ប៊ែ​ល​ធី អន្តរជាតិ ឆ្នាំ​២០១៨(BELTEI CHAMPIONS TROPHY 2018)​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ ក្នុងការ​ពង្រឹង​លើ​វិស័យ​កីឡា​គ្រប់​ប្រភេទ​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ស្របតាម​កម្មវិធីសិក្សារ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បានដាក់​បញ្ចូល​កម្មវិធី​កីឡា​នេះ ទៅក្នុង​កម្មវិធីសិក្សា​នៅ​ទូទាំងប្រទេស​។​

សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ចូល​កម្មវិធី​កីឡា ៤​ប្រភេទ រួមមាន​៖១-​អប់រំ​កាយ​សម្រាប់​សិស្ស​ថ្នាក់​ទី​១-៦​។ ២-​កីឡា តៃ​ក្វាន់​ដូ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨ ។ ៣-​កីឡា Futsal(U-13)​ ​សម្រាប់​សិស្ស​ថ្នាក់​ទី​៧&៨ ។ ៤-​កីឡា Futsal (U-16)​សម្រាប់​សិស្ស​ថ្នាក់​ទី​១០&១១ ។​

ក្រុម​កីឡាករ​ដែល​ទទួល​បាន​ជ័យលាភី ជើងឯក​ពានរង្វាន់​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ឆ្នាំ​២០១៨​ចែកចេញជា ២​ក្រុម គឺ ក្រុម​U-13 និង ក្រុម U-16 នឹង​ទទួល​រង្វាន់ ដូចខាងក្រោម ៖
​ក្រុម​ជើងឯក (The Winner) ទទួលបាន​ពានរង្វាន់​ជើងឯក​សាលា ប៊ែ​ល​ធី អន្តរជាតិ​មេដាយមាស និង​ថវិកា​ចំនួន​៣ លាន​រៀល ។​

ក្រុម​ជើងឯក​រង (Runner-up)​ទទួលបាន មេដាយប្រាក់​និង ថវិកា​ចំនួន​២ លាន​រៀល ។​
​ក្រុម​លេខ​៣​ទទួលបាន មេដាយសំរិទ្ធ​និង​ថវិកា​ចំនួន​១ លាន​រៀល ។​ ក្រុម​គំរូ​(Fair Play Team)​ទទួល បាន ថវិកា​ចំនួន​៥០ ម៉ឺន​រៀល ។​

ចំណែកឯ​ក្រុម​កីឡាករ ទាំង ២៦​ក្រុម​ផ្សេងទៀត ដែល​មិនបាន​ជាប់​ជ័យលាភី និង​ក្រុម​ជើងឯក​រដូវ​កាល​មុន ក៏​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ពី​លោក​បណ្ឌិត លី ឆេង​ចំនួន​២០ ម៉ឺន​រៀល ក្នុង​១​ក្រុម​ផងដែរ​។​

ក្នុងឱកាស​នោះ​ផងដែរ លោក​បណ្ឌិត លី ឆេង​តំណាងរាស្ត្រ​មណ្ឌល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ឲ្យ​ខិតខំ​រៀនសូត្រ ទៅ​សាលា​ឲ្យ​បាន​ទៀងទាត់ និង​ឆ្លៀត​ពេលទំនេរ​របស់ខ្លួន​ទៅ​ហាត់​កីឡា ដើម្បី​បង្កើន​ថាមពល​រឹងមាំ និង​នាំមក​នូវ​សុខភាព​ល្អ ក៏ដូចជា​បង្កើន​នូវ​ភាពស្និទ្ធស្នាល រវាង​មិត្តភក្តិ សិស្សានុសិស្ស​រៀន​ជាមួយគ្នា និង​ក៏​ជា​ផ្នែក​មួយ ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​របស់​យើង ពោរពេញ​ទៅដោយ​ធនធានមនុស្ស​ល្អៗ​ព្រមទាំង​ដើម្បី​ជៀស​ឲ្យ​ផុតពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព បោះបង់​ការសិក្សា កើតមាន​អំពើហិង្សា លួច ឆក់ ប្លន់ ដែល​បង្ក​ឲ្យ​មាន​អសន្តិសុខ​ដល់​សង្គម និង​ធ្វើ​ឲ្យ​បាត់បង់​នូវ​កម្លាំង​ធនធានមនុស្ស​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រមទាំង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ កំណើន​សេដ្ឋកិច្ចជាតិ​ទៀតផង​។

លោក​បណ្ឌិត​ក៏បាន​កោតសរសើរ​ចំពោះ ក្រុមកីឡា​ករទាំង ១៨​សាខា ដែល​បាន​ប្រកួត​ជាមួយគ្នា តាម​លក្ខណៈ​បច្ចេកទេស សីលធម៌ យុត្ដិធម៌ និង​ប្រកបដោយ​ឆន្ទៈ​មុតមាំ ហើយ​ចេះ​គោរព​ដៃគូ​ប្រកួត​របស់ខ្លួន ព្រោះ​ការប្រកួត​នេះ ជា​លក្ខណៈ​គ្រួសារ​ប៊ែ​ល​ធី បើទោះបី ឈ្នះ ឬ​ចាញ់ ក៏​នៅតែ​ជា​គ្រួសារ​ប៊ែ​ល​ធី​ដែរ​។​បន្ទាប់មក ប្រធាន​គណៈអធិបតី​បាន​បំពាក់​មេដាយ ប្រគល់​ពាន និង​រង្វាន់​ដល់​កីឡាករ​ជ័យលាភី U-13 និង​U-16​ទាំង ២​ក្រុម​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu