ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានទទួលជួបគណ:ប្រតិភូបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ ដើម្បីបន្តពង្រឹង និងបង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការនៃកងទ័ពប្រទេសទាំងពីរ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសំដែងកិច្ចស្វាគមន៍ចំពោះមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងគណ:ប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ចនៅទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ មេបញ្ជាការកងទ័ពជើងគោក បានចាត់ទុកថា តាមរយៈដំណើរទស្សនកិច្ចនេះ បាននាំមកនូវទំនាក់ទំនងល្អ រវាងរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ និងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ពីសភាពការណ៍នយោបាយនៅកម្ពុជា ពិសេសក្រោយការបោះឆ្នោតសកល អាណត្តិទី៦ នៃរដ្ឋសភា កម្ពុជាបានបង្កើតថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី ហើយកងយោធពលខេមរភូមិន្ទ ក៏បានធ្វើការកែទម្រង់ជាបន្តបន្ទាប់ដើម្បីពង្រឹងប្រៀបការពារជាតិ។ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ ដែលកន្លងមកបានជួយបណ្ដុះបណ្ដាលដល់នាយ-ពលទាហាន នៃកងយោធពលខេមរភូមិន្ទ មានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ក្នុងបំពេញភារកិច្ចការពារបូរណភាពទឹកដីបានរឹងមាំ ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានស្នើសុំភាគីថៃបន្តជួយផ្តល់ឆត្រសម្រាប់ការហ្វឹកហ្វឺនលោតឆ័ត្រយោង របស់កងពលតូចពិសេសឆត្រយោង៩១១ និងបន្តទទួលយក នាយ ពលទាហានកម្ពុជា ក្នុងការបណ្តុះបណ្តាលើជំនាញផ្សេងៗផងដែរ។
ឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានសំដែងក្តីសោមនស្សរីករាយចំពោះបដិសណ្ឋារកិច្ចរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាពេលនេះ ដែលបង្ហាញការភ្ជាប់ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អរវាងកងទ័ព និងប្រជាជននៃប្រទេសយើងទាំងពីរ។
ឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY បានអបអរសាទរកម្ពុជាដែលបានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ទទួលបានលទ្ធផលល្អប្រសើរនិងបានអបអរសាទរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោក ។
ឧត្តមសេនីយ៍ឯក SUNAI PRAPHUCHANAY ក៏បានគូសបញ្ជាក់តួនាទី ភារកិច្ចរបស់បញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ មានតួនាទីប្រឆាំងអំពើភេរវកម្ម ឆ្លងដែន រក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ ជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយផ្សេងៗ និងវិស័យមនុស្សធម៌ជាដើម ។ រីឯរចនាសម្ព័នចាត់តាំងគឺមានលក្ខណ: ប្រហាក់ប្រហែលបញ្ជាការរដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មកម្ពុជាដែរ។
មេបញ្ជាការដ្ឋានសង្គ្រាមពិសេសកងទ័ពភូមិន្ទថៃ បានមានប្រសាសន៍ន៏បន្ថែមទៀតថា កងទ័ពប្រទេសយើងទាំងពីរត្រូវបន្តសហការធ្វើការរួមគ្នាតាមបណ្តោយខ្សែបន្ទាត់ព្រំដែនដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងអំពើភេរវកម្មឆ្លងដែន និងបង្កើននូវបរិយាកាសល្អប្រសើរតាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរដើម្បីធ្វើឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរមានក្តីរីករាយក្នុងការប្រកបរបរចិញ្ចឹមជីវិតបង្កើនជីវភាព និងរួមចំណែកបង្កើននូវសេដ្ឋកិច្ចជាតិ និងបន្តពង្រឹង និងបង្កើនចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។
សូមបញ្ជាក់ថា ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូកងទ័ពភូមិន្ទថៃ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯកSONAI PRAPHUCHANAY មេបញ្ជាការ បញ្ជាការដ្ឋានសង្គ្រាមពិសេស នៃកងទ័ពភូមិន្ទថៃ បានអញ្ជើញបំពេញទស្សនកិច្ច នៅបញ្ជាការដ្ឋានកងទ័ពជើងគោក និងបានចូលជួបសវនាការជាមួយឯកឧត្តមឧត្តសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕
Source: Kampuchea Thmey Daily
0 Comments