Ad Code

ចិន​ គ្រោង​នឹង​បង្កើត​សាលា​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​លើកដំបូង​នៅ​កម្ពុជា​



​ភ្នំពេញ ​៖ ​ចិន​គ្រោង​នឹង​បង្កើត​សាលា​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ​ជា​លើកដំបូង​នៅ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​ដល់​សិស្ស​និង​បុគ្គលិក​ជំនាញ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ឆ្លើយតប​ទៅតាម​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​។

លោក ឡៅ ហ៊ឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​បាន​មាន​ប្រស​សាសន៍​ថា ភាគី​ចិន​នឹង​បង្កើត​វិទ្យាស្ថាន​អាស៊ាន​អន​ឡាញ ថ្មី​ដោយ​បំពាក់​នូវ​ឧ​ប ករ​ណ៍​និង​សម្ភារៈ​ទំនើបៗ រៀបចំ​កម្មវិធីសិក្សា​ទាន់សម័យ​ដោយ​ផ្តោត​ទៅ​លើ​ផ្នែក​ព័ត៌មានវិទ្យា ទេសចរណ៍ ពាណិជ្ជកម្ម គណនេយ្យ​និង​ជំនាញ​ផ្សេងៗ​ទៀត​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​ខាងមុខ​។



ថ្លែង​ក្រោយ​ជំនួប​រវាង​លោក​បណ្ឌិត អ៊ិត​សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ​លោក ជាង ហាវ អគ្គនាយក​ក្រុមហ៊ុន​JOIN CAPITAL INVESTMENT&MANAGEMENT​ កាលពី​ព្រឹក ​ថ្ងៃទី​២៦ ​ខែកញ្ញា ​ឆ្នាំ​២០១៨ ​នៅ​ទីស្តីការ​ក្រសួង លោក ឡៅ ហ៊ឹម បាន​បន្ត​ថា ​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​ គឺ​មិន​តម្រូវ​ឲ្យ​សិស្ស​រៀន​នៅក្នុង​ថ្នាក់​គ្រប់ពេលវេលា​នោះ​ទេ​ គឺ​គ្រូ​ធ្វើ​បទ​បង្ហាញ​មេរៀន​ផ្សេងៗ​ដល់​សិស្ស​តាមរយៈ​វីដេអូ​ខុន​ហ្វឺ​រិ​ន​ដែល​អាចជួយ​ឲ្យ​សិស្ស​និស្សិត​រៀន​ឆាប់​ចេះ​ឆាប់​ចាំ​តាមរយៈ​ការបង្ហាត់បង្រៀន​ពី​គ្រូ​និង​សាស្ត្រាចារ្យ​ដែលមាន​ជំនាញ​និង​បទពិសោធន៍​ខ្ពស់ មកពី​ប្រទេស​ចិន​។

លោក​បាន​បន្ថែម​ថា «​ខ្ញុំ​គិតថា​ការដែល​មាន​សាលា​នេះ​ជា​ការ​ល្អ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​យុវជន​ក៏ដូចជា​អ្នក​ដែល​កំពុង​មាន​ការងារ​ធ្វើ​អាច​ឆ្លៀត​ពេលវេលា​សិក្សា​បន្ថែម​ដើម្បី​បន្ថែម​ចំណេះដឹង​ក៏ដូចជា​អ្នក​មិនទាន់មាន​ការងារ​អាច​សិក្សា​ផ្តល់​នូវ​ជម្រើស​ច្រើន​សម្រាប់​យុវជន​ខ្មែរ​យើង​ដើម្បី​ឲ្យ​គាត់​សិក្សា​បាន​»។

នៅក្នុង​ជំ​នួ​យ​នោះ ​លោក​បណ្ឌិត រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ភាគី​ចិន​ត្រូវ​រៀបចំ​កម្មវិធីសិក្សា​ធ្វើ​យ៉ាង​ឲ្យ​ស្រប​ទៅ​នឹង​គោលការណ៍​របស់​វិស័យ​អប់រំ​កម្ពុជា​ដើម្បី​ឲ្យ​សិស្ស​ពេល​រៀន​ចប់​អាច​មាន​លទ្ធភាព​បន្ត​ការសិក្សា​នៅ​តាម​សាលា​ផ្សេងៗ​ក្នុងស្រុក​បាន​ឬ​អាច​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​។



លោក ឡៅ ហ៊ឹម សង្ឃឹមថា​សាលា​នេះ​នឹង​អាច​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ដើម្បី​ឲ្យ​សិស្ស​និស្សិត​ឬ​អ្នកមាន​ការងារ​ធ្វើបាន​សិក្សា​មុខជំនាញ​បន្ថែម​បង្កើន​សមត្ថភាព​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។

លោក ជាង ហាវ បាន​មានប្រសាសន៍ថា​ ការសម្រេចចិត្ត​បង្កើត​សាលា​សិក្សា​តាម​អន​ឡាញ​នៅ​ប្រទេស​កម្ពុជា​នេះ​ គឺ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ពិភពលោក​។

លោក​បាន​សន្យា​ថា​នឹង​ខិតខំ​បង្កើត​សាលា​សិក្សា​តាម​អន​ឡាញ​នេះ​ឲ្យ​បាន​ឆាប់​បំផុត​ដើម្បី​ឲ្យ​សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​កម្ពុជា​អាច​សិក្សា​នូវ​ជំនាញ​ផ្សេងៗ​បាន​ពិសេស​ជំនាញ​ដែល​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​។

គួរ​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ​មាន​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចំនួន​៣៩​ស្ថិត​ក្រោម​ឱវាទ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងនោះ​មាន​សាលា​ចំនួន​១៧​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​អន្តរជាតិ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu