ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្ដើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឈានដល់សប្តាហ៍ទី៨ហើយ នៅយប់ថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៨នេះ ជាការប្រកួតជុំចុងក្រោយ ដែលមាន២គូ រវាងហុងជីវ៉ុងអ្នកប្រដាល់ក្លិបមិត្តប៉ូលីស និង ប៊ី ចាន់ណា អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង ហើយមួយគូទៀត ជាការជួបគ្នារវាងមុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ និង ធឿន ធី អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាប។
រវាង ហុងជីវ៉ុង និង ប៊ី ចាន់ណា មិនធ្លាប់ដែលប៉ះគ្នាទេកន្លងមក ។ ពួកគេទាំងពីរ សុទ្ធតែមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចគ្នា ដែលមិនមាននរណាហ៊ានមើលស្រាលគ្នានោះទេ ក្នុងការជួបគ្នាលើកដំបូងនេះ។
កាលពីប្រកួតជុំទី៣ ហុង ជីវ៉ុង ចាញ់ធឿន ធី ក្នុងទឹកទី១ សរុប៣ជុំ ហុងជីវ៉ុង បាន៣ពិន្ទុ ដោយសារចាញ់ទាំងបីជុំ។ ឯ ប៊ី ចាន់ណា ប្រកួតជុំទី២ វាយចាញ់មុត ខ្លឹមខ្មៅដោយពិន្ទុ ហើយសរុប៣ជុំ ចាន់ណាបាន៥ពិន្ទុ ដោយវាយឈ្នះ១ចាញ់២ប្រកួត។
ចាំមើល តើក្នុងការប្រកួតជុំចុងក្រោយនេះ រវាងហុង ជីវ៉ុង និង ប៊ី ចាន់ណា ជួបគ្នាលើកនេះ តើអ្នកណារកបាន៣ពិន្ទុបន្ថែមនោះ?។
ចំពោះ ការជួបគ្នារវាងមុត ខ្លឹមខ្មៅ និង ធឿន ធី វិញនោះ ក៏ពុំធ្លាប់ជួបគ្នាដែរពីមុនមក ។ពីរនាក់នេះ ឆ្លងកាត់៣ប្រកួតរួចហើយដូចគ្នា ដែលមុត ខ្លឹមខ្មៅ គេប្រកួត៣ជុំកន្លងមកឈ្នះទាំង៣ជុំ បាន៩ពិន្ទុ ហើយ ធឿន ធី ៣ប្រកួតកន្លងមក ឈ្នះ២ ចាញ់១ប្រកួត បាន៧ពិន្ទុ។
សម្រាប់ការជួបគ្នាក្នុងជុំចុងក្រោយនេះ ទោះជាគេមិនហ៊ានទស្សន៍ទាយមុនថានរណាជាអ្នកឈ្នះនោះ ក៏គេរំពឹងទុកថាមុត ខ្លឹមខ្មៅ ជាអ្នកដែលមានប្រៀបឈ្នះច្រើនជាងធឿន ធី ដែរ ។ដូច្នេះចាំ មើល ការប្រកួតជាក់ស្តែង តើនរណាជាអ្នកឈ្នះនោះ ?។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុម ហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមនេះ មានអ្នកប្រដាល់ជើងចាស់ចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូល A មានកីឡាករ ហុង ជីវ៉ុង ក្លិបមិត្តប៉ូលីស, មុត ខ្លឹមខ្មៅក្លិបមកុដរាជសីហ៍ , មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡា និង ហ៊ឹម សារ៉ាន់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ចំណែកពូល B មាន ង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ, អ៊ុំ វណ្ណេត ក្លិបការិយាល័យទី៥កងទ័ពជើងគោក , ធឿន ធី ក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករប៊ី ចាន់ណា ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង។
ចំពោះរូបមន្តនៃការប្រកួត គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង ៨ ត្រូវជួបគ្នាទាំងអស់ ។ការប្រកួតជម្រុះទម្លាក់ចោល៦ នាក់ចេញទុក ១ នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកប្រាក់១០លានរៀលតែម្តង៕
Source: Kampuchea Thmey Daily
0 Comments