បាត់ដំបង ៖ ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅខេត្តកណ្ដាល ហើយត្រូវបានតុលាការ ដាក់ឲ្យនៅក្រៅឃុំក្រោមការត្រួតពិនិត្យ បែរជាថ្លើមធំហ៊ានលួចរត់គេចខ្លួនមកសំងំនៅជិតព្រំដែនថៃ ប៉ុន្តែទោះជាយ៉ាងណាក៏ តុលាការបានបញ្ជាឲ្យសមត្ថកិច្ច នាំខ្លួនវិលត្រឡប់ទៅវិញដែរ។
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីតុលាការខេត្តកណ្តាល បានចេញដីកាលេខ៣២០ ដកបចខ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ដោយលោកគឹម ម៉េង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល រួចមក កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់របស់ស្នងការដ្ឋានខេត្តកណ្តាល បានចុះសហការជាមួយកម្លាំងខេត្តបាត់ដំបង ចុះស្រាវជ្រាវដើម្បីតាមរកមុខសញ្ញាដែលបានរត់គេចខ្លួនចេញពីខេត្តកណ្តាល។
ការចុះប្រតិបត្តិការនេះ គឺកម្លាំងចម្រុះបានចុះទៅកាន់ចំណុចផ្ទះកូនរបស់ជនសង្ស័យ ដែលស្ថិតនៅភូមិកំពង់ទូក ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ស៊ីម ឡុង ភេទស្រី អាយុ៦២ ឆ្នាំ រស់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាប់ពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រោយពីបានធ្វើការឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានប្រគល់ទៅឲ្យកម្លាំងសមត្ថកិច្ចដើម្បីនាំយកទៅកាន់សាលាដំបូងខេត្តកណ្តាលវិញ ក្នុងការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments