Ad Code

សមត្ថកិច្ច​ ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន ២​កន្លែង នៅ​កោះ​ពេជ្រ ដែល ធ្វើ​អាជីវកម្ម​អត់​ច្បាប់​លើ​សេវាកម្ម​ផ្ញើ វេរ​ប្រាក់ ប្តូរ​ប្រាក់​ និង​ជួញដូរ​កាស​អេឡិចត្រូនិក



ភ្នំពេញ ​៖ ​ក្រោយ​បញ្ចប់​ការត្រួតពិនិត្យ , អាជ្ញាធរ​ចម្រុះ សម្រេច​ផ្អាក​សកម្មភាព​ក្រុមហ៊ុន​ចិន ២​កន្លែង នៅ​កោះ​ពេជ្រ ដែល​អត់​ច្បាប់​ធ្វើ​អាជីវកម្ម​លើ​សេវាកម្ម​ផ្ញើ វេរ​ប្រាក់ ប្តូរប្រាក់ ក៏ ដូចជា​ប្រមែប្រមូល ប្រាក់​ពី​អតិថិជន​ក្នុងការ​ជួញដូរ​កាស​អេឡិចត្រូនិក (digital asset/cryptocurrency)។

មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ចម្រុះ រួមមាន​ក្រុមការងារ​ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូលបត្រ​កម្ពុជា និង កម្លាំង​នគរបាល​ជាតិ​នៃ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​ត្រួតពិនិត្យ​ទីតាំង​ក្រុមហ៊ុន​មួយ​ឈ្មោះ BIQUAN TECHNOLOGY (​ប៊ី​ឈាន តិច​ណូ​ឡូ​ជី​) ស្ថិតនៅ​ផ្ទះ​លេខ S-58 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។ ទីតាំង​មួយទៀត​ឈ្មោះ Hui Shang International Remittances មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ S-59 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ យោង​តាម​សេចក្តីថ្លែងការណ៍​រួម រវាង​ធនាគារជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូលបត្រ​កម្ពុជា និង អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៨ ស្តីពី​ការទប់ស្កាត់​បទល្មើស​ហិរញ្ញវត្ថុ និង​ការ​ចរាចរ​ខុសច្បាប់ កាស​អេឡិចត្រូនិក។

សមាសភាព​ចូលរួម មាន លោក សៀង ធី​រិ​ទ្ធ អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា , លោក​ឧត្ដមសេនីយ៍ទោ មៀ​ច ដេវីត អនុប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការ​នគរបាល​ជាតិ , លោក ម៉ែន ភក្តី ប្រធាន​នាយកដ្ឋាន​អាជ្ញាប័ណ្ណ​ធនាគារជាតិ​នៃ​កម្ពុជា និង​មន្ត្រី​មួយចំនួនទៀត។

ក្រោយ​បញ្ចប់​ការ​ត្រួតពិនិត្យ , អាជ្ញាធរ​បានសម្រេច​ផ្អាក​អាជីវកម្ម​ទាំងស្រុង រហូតដល់​មានការ​អនុញ្ញាត ឬ មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់ , ណាត់ជួប​បង្ហាញ​អាជ្ញាប័ណ្ណ ឬ ការអនុញ្ញាត​ប្រកប​អាជីវកម្ម នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីតាំង​ដដែល ជាមួយ​វត្តមាន​ម្ចាស់​ក្រុមហ៊ុន , ត្រូវ​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ ចរាចរ ទិញ លក់ ទូទាត់ កាស​អេឡិចត្រូនិក ប្រហាក់ប្រហែល និង​ប្រមូលប្រាក់​ពី​អតិថិជន , ត្រូវ​រុះរើ​ផ្លាក​អាជីវកម្ម​ចេញ Logo Coinups និង ហាម​រុះរើ​សម្ភារៈ​ទាំងអស់​នៅក្នុង​អគារ​ចេញពី​ទីតាំង​ដើម​។​

លោក​ឧត្ដមសេនីយ៍ទោ មៀ​ច ដា​វីត អនុប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​បានបញ្ជាក់​អោយដឹងថា សមត្ថកិច្ច​និង​ស្ថាប័ន​ជំនាញ​បាន​ចុះ ទៅ​ណែនាំ​តម្រូវអោយ​ក្រុមហ៊ុន​សុំច្បាប់​អនុញ្ញាត​ពី​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ក្នុង​គោលបំណង​ទប់ស្កាត់​ការ​ចរាចរណ៍ និង​លាងលុយកខ្វក់​ឆ្លងដែន​ចូល​កម្ពុជា​យើង ដែល​បានមកពី​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដែល​អាច​បាន​ពី​ជាការ​ជួញដូរ​គ្រឿងញៀន ការ​ជម្រិត​ទារប្រាក់ កំហែង យកតាម​ប្រព័ន្ធ​អិន​ធើ​ណេ​ត ។​ល​។ ដូច្នេះ​ជនល្មើស មានឱកាស​សម្អាត ប្រើប្រាស់​ចរាចរណ៍​ប្រាក់​យក​ពី​ជនរងគ្រោះ​តាមរយៈ​ក្រុមហ៊ុន​អត់​ច្បាប់​បែបនេះ និង​បញ្ចៀស​ហិរញ្ញប្បទាន​ភេរវកម្ម ក៏ដូចជា​ការពារ​ប្រជាពលរដ្ឋ អតិថិជន កុំអោយ​ចាញ់បោក​ចំពោះ​ការបើក​អា​ជីក​ម្ម​ដែល​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​។​

លោក​បន្តថា ក្រុមការងារ​ធនាគារ​ជាតិ​នៃ​កម្ពុជា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង កម្លាំង​នគរបាល​ជាតិ​នៃ​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ​ក្រសួងមហាផ្ទៃ​បាន​ធ្វើ​កិច្ចការ​ពិនិត្យ​រដ្ឋបាល​លើ​ការ​បើក​អាជីវកម្ម​ប្តូរប្រាក់ កាស​អេឡិចត្រូនិក ពាក់ព័ន្ធ​នឹង​ឯកសារ​ផ្លូវច្បាប់ ចៀសវាង​ប្រជាពលរដ្ឋ អតិថិជន​ងាយ​និង​រងគ្រោះ​បាញ់​បោក​ក្រុមហ៊ុន​បើក​អាជីវកម្ម​អត់​ច្បាប់​ទាំងនេះ។

គួរ​បញ្ជាក់ថា ការបើក​អាជីវកម្ម​ប្តូរប្រាក់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ត្រូវ មានទោស​ទណ្ឌ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង ការ​ប្តូរប្រាក់​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​២ ពី​អន្តរ​ការិយកម្ម​ធនាគារ​ មាត្រា​៥ ក្នុង​ចំណុច​ទី​៣ បាន​បញ្ជាក់​ថា ៖ អន្តរការី​ប្រតិសកម្ម​ស្ថិតក្រោម​លក្ខខណ្ឌ​ដែលមាន​កំណត់ ក្នុង​បទបញ្ជា​ឲ្យ​ផ្តល់​ជូន​ធនាគារ​កណ្តាល​ជា​ទៀងទាត់ នូវ​របាយការណ៍​តាម​កាលកំណត់​ប្រតិបត្តិការ​ផ្ទេរប្រាក់ ឬ​ការ​ទូទាត់ និង​ចលនា​នៃ​ដើមទុន​ចេញ និង​ចូល ដែល​បាន​អនុវត្ត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេសក្រៅ​ទៅតាម​រយៈពេល ដែល​នឹង​កំណត់ដោយ​ធនាគារកណ្តាល។ ចំណុច​ទី​៥ ក៏បាន​បញ្ជាក់​ផងដែរ​ថា អាជីវករ​ប្តូរប្រាក់​ដល់ដៃ ដែលមាន​ទីតាំង​អចល័ត ឬ​ចល័ត អាចធ្វើ​ការប្តូរ​ប្រាក់​បាន លុះត្រាតែ​ទទួល​ការអនុញ្ញាត​ជាមុន​ពី​ធនាគារកណ្តាល។ ករណីនេះ ក៏មាន​ចែង​នៅ​ទោស​បញ្ញត្តិ​តាម​មាត្រា​២១ បញ្ជាក់​ថា ៖ ជន​ណា​ប្រព្រឹត្ត​បទល្មើស និង​ចំណុច ៣ ឬ​ចំណុច ៤ ឬ​ចំណុច ៥ នៃ​មាត្រា​៥ ឬ​ប្រព្រឹត្ត​នឹង​មាត្រា​១៧​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១​ឆ្នាំ​ដល់​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ដល់​១០​លាន​រៀល ឬ​ផ្តន្ទាទោស​ណាមួយ ក្នុង​ទោស​ទាំង​២​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu