Ad Code

ផ្ទះ​ជាង​៤០​ខ្នង និង​សាលារៀន​មួយ​កន្លែង ត្រូវ​ទឹកជំនន់​វាយប្រហារ



បាត់ដំបង​ ៖​ មួយ​រយៈ​កន្លង​ទៅ​នេះ ទឹកទន្លេ​បាន​ជោរជន់ ព្រមទាំង​បាន​វាយប្រហារ​ទៅលើ​លំនៅឋាន​ជាច្រើន​ខ្នង រួម​ជាមួយនឹង​សាលារៀន​មួយកន្លែង​ផងដែរ ដែល​ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន ដូចជា​ផ្លូវ​មួយ​ខ្សែ​ដែល​សម្រាប់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​រួមជាមួយ​នឹង​ស្រូវ​រាប់ពាន់​ហិកតា ក៏ត្រូវ​ទឹកជំនន់​បំផ្លិចបំផ្លាញ​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា បើ​ទោះ​បីជា​តំបន់​មួយចំនួន​ ដែល​បាន​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ទឹកជំនន់ បាននិងកំពុង​ស្រក​ផុត​ទៅ​ហើយ​ក៏ដោយ ក៏​នៅ​មាន​តំបន់​ខ្លះ​កំពុង​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ជាមួយ​នឹង​ទឹកជំនន់​នេះ​នៅឡើយ ដោយសារតែ​តំបន់​នេះ ជា​តំបន់​ទំនាប​ និង​នៅ​មិន​ឆ្ងាយ​ពី​មាត់​ព្រៃរនាម។

បើតាម​ការរៀបរាប់​ពី​លោក ក្រួច ណា​រ៉ុង មេ​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល អន្លង់​វិល ដែល​លោក​កំពុងធ្វើការ​ណែនាំ​ដល់​បណ្តា​ម្ចាស់​កាណូត​ស្មាច់​ទាំងអស់ ដែល​កំពុង​ប្រកប​មុខរបរ​ដឹក​មនុស្សម្នា​ដើរលេង​កម្សាន្ត​នៅលើ​ផ្ទៃ​ទឹក​ដែល​កំពុង​ជន់​ជោរ ដើម្បីអោយ​មានការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ និង​ត្រូវ​មាន​អាវ​ពោង​សម្រាប់​ការពារ​ពេល​មាន​អាសន្ន​នៅ​លើ​ផ្ទៃ​ទឹក​គឺ​លោក​បាន​បង្ហើប​ថា តំបន់​ខាង​លើ​នេះ​គឺ​ស្ថិតនៅ​ចំណុច អណ្តូង​២ ឬ​ចំណុចខ្សោយ​ក្នុងភូមិ​ដំបូក​បុណ្យ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​មាន​ចម្ងាយ​ពី​ទី​រួម​ ស្រុក​សង្កែ ប្រមាណ ២០ គីឡូម៉ែត្រ។

លោក​បាន​បន្ថែ​ថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ មាន ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ជាង ៤០ ខ្នង​ត្រូវបាន​ទឹក​ជន់​លិច​ដល់​ក្រោមផ្ទះ ក្នុងនោះ​ក៏មាន​សាលាបឋមសិក្សា « អណ្តូង ២ »ផងដែរ ដែល​ត្រូវ​ទឹក​លិច​ដល់​របង​សាលា ចំណែក​ផ្លូវ​មួយ​ខ្សែ​ដែល​សម្រាប់​អោយ​ប្រជាពលរដ្ឋ​ក្នុងភូមិ ធ្វើដំណើរ​ក៏ត្រូវ​លិច​ទាំងស្រុង មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ វាលស្រែ​ដ៏​ល្វឹងល្វើយ​ប្រមាណ​ជាង ៥០០០ ហិកតា ក៏ត្រូវ​រលួយ​អស់​ដែរ នៅក្រោម​កម្ពស់​ទឹក​ជាង ២ ម៉ែត្រ។

បច្ចុប្បន្ន​តំបន់​ខាងលើ ដែល​មើល​ទៅ​ឃើញតែ​ផ្ទៃ​ទឹក​ខៀវស្រងាត់​នោះ បាន​ក្លាយ​ទៅជា​ តំបន់​កម្សាន្ត​របស់​ក្រុម​យុវវ័យ និង​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ទៅវិញ ដោយសារតែ​ទីតាំង​នេះ មាន​ផ្លូវ​អាច​ធ្វើ​ចរាចរណ៍​ដល់​តែម្តង​តាមរយៈ​លើ​ខ្នង​ទំនប់ ព្រមទាំង​មាន​ចំណីអាហារ​ចម្រុះ​សម្រាប់​អ្នកដើរ​កំសាន្ត​ផង​ដែរ៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu