ព្រឹត្តិការណ៍ប្រដាល់មួយ ដែលមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ដើម្បីជួបគ្នាវាយដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមនោះ បានចាប់ផ្តើមធ្វើការប្រកួតជម្រុះកាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅលើសង្វៀនSEA-TV ។
សម្រាប់ការវាយជម្រុះថ្ងៃដំបូងនេះ ឃីម បូរ៉ា អ្នកប្រដាល់កម្ពុជាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ បានវាយឈ្នះអ្នកប្រដាល់ថៃ Phat Chhayak Phum ដោយពិន្ទុដាច់តែម្តង គឺ៥ទល់០ ហើយមួយគូទៀត សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ បានប្រើពេលមិនដល់ពីរទឹកផង ផ្តួលអ្នកប្រដាល់ថៃ Phat Maha អោយសន្លប់ក្នុងទឹកទី២ ។
ដូច្នេះ ឃីម បូរ៉ា និង សុខ សាវិន អ្នកប្រដាល់កម្ពុជាយើង ដែលថិតក្នុងពូលA(ពូលខ្មែរ) ពួកគេទាំងពីរទទួលបាន៣ពិន្ទុម្នាក់ដូចគ្នា ហើយ Phat Chhayak Phum និង Phat Maha បាន១ពិន្ទុម្នាក់សម្រាប់ការប្រកួតជម្រុះលើកដំបូងនេះ ។ ។
សូមបញ្ជាក់ថា ការប្រកួតជើងឯកខារ៉ាបាវរដូវកាលទី៧ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន ៨ រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់ ។ អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានឃីម បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ , សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , លី ភា ក្លិបសំរោងកោងខេត្តបាត់ដំបង និងសូត្រ ខេវិន ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ ៤ នាក់វិញ មាន Phat ChhayakPhum , Phat Maha , Phat Ngenthong និង Phat Thana ៕
ជម្រុះជុំទី៣ដណ្តើមប្រាក់លានទម្ងន់៦៥គ.ក្រ ៖ ហុងជីវ៉ុងចាញ់ធឿន ធី, មុត ខ្លឹមខ្មៅ ឈ្នះ ប៊ី ចាន់ណា
ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្តើមប្រាក់១០លានរៀល របស់ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ សម្រាប់សប្តាហ៍ទី៦ យប់ថ្ងៃទី០៨កញ្ញា២០១៨ ដែលជាការប្រកួតជុំទី៣នោះ ហុង ជីវ៉ុង អ្នកប្រដាល់ក្លិបមិត្តប៉ូលីស បានប្រកួតចាញ់ ធឿន ធី អ្នកប្រដាល់ក្លិបអង្គរមានជ័យខេត្តសៀមរាបក្នុងទឹកទី១ ហើយមួយគូទៀត មុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ បានវាយឈ្នះ ប៊ី ចាន់ណា អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀងដោយពិន្ទុ។
មាជ សុខរ៉ា ឈ្នះ Phat Cha ឯ ហេង វិឆ័យ ចាញ់ NASER
មាជ សុខរ៉ា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ បានវាយឈ្នះអ្នកប្រដាល់ថៃPhat Cha ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នា នាយប់ថ្ងៃសៅរិ៍ទី០៨កញ្ញា២០១៨ នៅលើសង្វៀនGanzberg Top Fighter របស់SEA-TV ។
អ្នកប្រដាល់ថៃ ដែលមាជ សុខរ៉ា យកឈ្នះពិន្ទុនោះ ជាជើងខ្លាំងនៅស្រុកថៃ ដែលបានវាយឈ្នះអ្នកប្រដាល់ជើងខ្លាំង មាស ច័ន្ទមាន ក្លិបកងពលធំអន្តរាគមន៍លេខ២ ក្នុងទឹកទី៣ ដោយដាល់ពោះច័ន្ទមានអោយសន្លប់លើរេញ ។តែពេលជួបមាជសុខរ៉ា អ្នកប្រដាល់ថៃរូបនេះ ចាញ់នឹងការសម្រុកវាយមិនដកដៃរបស់សុខរ៉ាទៅវិញ ។
ចំពោះ អ្នកប្រដាល់ជើងចាស់ហេង វិឆ័យ ក្លិបអេភូថងកីឡា បានប្រកួតចាញ់អ្នកប្រដាល់បារាំងឈ្មោះ NASER ដោយពិន្ទុ ។ ពួកគេទាំងពីរ ប្រកួតគ្នាក្នុងទម្ងន់៦៩គីឡូក្រាម។ ជាលើកទី២ហើយ ដែលវិឆ័យបានជួបអ្នកប្រដាល់ស្បែកខ្មៅអឺរ៉ុបនេះ ។កាលពីជួបគ្នាលើកមុន(១៤កក្កដា២០១៨) ពួកគេទាំងពីរ វាយស្មើពិន្ទុគ្នា៕
Source: Kampuchea Thmey Daily
0 Comments