អ្នកឈ្នះ២នាក់ ក្នុងការប្រកួតជុំទី៣ ដែលជាការប្រកួតវគ្គជម្រុះ៨នាក់ចុងក្រោយ ដើម្បីរកកៅអីសម្រាប់ឈានឆ្ពោះទៅប្រកួតបន្តវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ដណ្ដើមពានរង្វាន់ជើងឯក TV5 Knock Out Series ទម្ងន់៦០គ.ក្រនោះ គឺឡុង រ៉ាមី អ្នកប្រដាល់ក្លិបខ្លារខិនមានរិទ្ធ និង លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគេទាំងពីរ បានឈ្នះលើដៃគូប្រកួត កាលពីយប់ថ្ងៃសៅរ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសង្វៀនTV5 ព្រែកកំពឹសនោះ។
ឡុង រ៉ាមី គេបានយកឈ្នះវុត្ថា លាន់លិញ អ្នកប្រដាល់ក្លិបអង្គរធំគុនខ្មែរដោយពិន្ទុ បន្ទាប់ពីវាយគ្នា៣ទឹកពេញនោះ ។ ដូច្នេះ វុត្ថា លាន់លិញ គេត្រូវខ្ទាតចេញពីព្រឹត្តិការណ៍ពានរង្វាន់ជើងឯកKnock Out Series ទម្ងន់៦០គ.ក្រ ត្រឹមជុំទី៣នេះ ឯ ឡុង រ៉ាមី គេនឹងត្រូវបន្តការប្រកួតជម្រុះក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វគ្គ ៤ នាក់ ចុងក្រោយបន្តទៀត ។
ចំពោះ លាភ រដ្ឋា អ្នកប្រដាល់ក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យ ក៏បានវាយឈ្នះកំពែង ខ្មៅ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម ដោយពិន្ទុដែរ បន្ទាប់ពីប្រកួតគ្នា៣ទឹកនោះ ។ ដូច្នេះ កំពែង ខ្មៅ ត្រូវហាលអាវត្រឹមនេះ ហើយលាភ រដ្ឋា ត្រូវនៅបន្តការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត។
គួរបញ្ជាក់ថា ការប្រកួតជម្រុះជុំទី៣នេះ ចម្រាញ់បានអ្នកប្រដាល់ចំនួន៤នាក់ សម្រាប់ឡើងទៅបន្តការប្រកួតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមពានរង្វាន់ជើងឯកTV5 Knock Out Series ទម្ងន់៦០ គីឡូក្រាម ។ហើយពេលនេះ រកឃើញ២រូបហើយ គឺលាភ រដ្ឋា និង ឡុង រ៉ាមី ។
ចំពោះ ការប្រកួតជាលក្ខណះមិត្តភាពអន្តរជាតិវិញនោះ ទេស ជីវ៉ា អ្នកប្រដាល់ជើង ខ្លាំងកម្ពុជានៃក្លិបកងពលតូចលេខ៧០ បានផ្តួលអ្នកប្រដាល់ថៃPich Srak Keo អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ ក្រោយពីជីវ៉ាបានទាត់ជើងក្រោមរបស់គេអោយឈឺត្រង់សន្លាក់ជង្គង់ខាងឆ្វេងនោះ ។
ដោយឡែក ចៅ ផលឌឿ អ្នកប្រដាល់ក្លិបសំរោងកោងខេត្តបាត់ដំបង ដែលឡើងមកសងសឹកធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធនោះ ផលឌឿសងសឹកមិនបានសម្រេចនោះឡើយ ដោយវាយចាញ់ធី តុងហ៊ី ដោយពិន្ទុទៀត៕
Source: Kampuchea Thmey Daily
0 Comments