បាត់ដំបង ៖ យ៉ាងហោចណាស់ ក៏មានមនុស្សម្នាក់ដែរ ដែលបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងចំណោមជនរងគ្រោះចំនួន២ នាក់ ខណៈដែលពួកគេបើកបរម៉ូតូ ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលអោយរេចង្កូតឆ្លងគំនូសលឿង ចូលទៅខាងឆ្វេង ត្រូវរថយន្តបុកតែម្តង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង ៣០ នាទី ព្រលប់ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៥ ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តលុចស៊ីស ពាក់ស្លាកលេខបាត់ដំបង2B.0853 ជាមួយនឹងម៉ូតូហុងដា ពាក់ស្លាកលេខ បាត់ដំបង1.AC.0853។
បើតាមការលើកឡើងពីសមត្ថកិច្ចបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺអាចបង្ក ឡើងដោយភាគីម៉ូតូ ដែលទំនងជាមានការបើកបរក្នុងល្បឿនលឿន ហើយបានរេចង្កូតចូលទៅខាងរថយន្ត ទើបត្រូវរថយន្តបុកតែម្តង បណ្តាលអោយស្លាប់មនុស្សម្នាក់ ( អ្នកបើកបរ ) និងរងរបួសធ្ងន់ម្នាក់ គឺអ្នករួមដំណើរ។
អ្នកដែលស្លាប់នោះមានឈ្មោះ រៀម រតនា ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ចំណែកអ្នករបួសមានឈ្មោះ ហាន់ ហាក់ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ភ្លាមៗនោះដែរ នៅមុនពេលសមត្ថកិច្ចចុះទៅដល់គឺអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយបច្ចុប្បន្នសមត្ថកិច្ចបានរៀបចំបញ្ជូនមធ្យោបាយទាំងពីរ ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ចំណែកសពក៏ត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយដែរ៕
Source: Kampuchea Thmey Daily
0 Comments