បាត់ដំបង ៖ នារីវ័យក្មេងម្នាក់ ដែលគេសង្ស័យថា អាចមានវិបត្តិផ្លូវចិត្ត បានព្យាយាមលោតទឹកសម្លាប់ខ្លួន ដែលបង្កអោយមានការភ្ញាក់ផ្អើលទាំងព្រឹក គឺត្រូវបានកំលាំងកងរាជអាវុធហត្ថក្រុង ជួយទប់ស្កាត់ទាន់ពេលវេលា ដោយបាននាំខ្លួនទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថ ដើម្បីប្រើវិធីសាស្ត្រធ្វើការអប់រំ។
ការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង៧និង១០ នាទី ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចលើស្ពានថ្មថ្មី ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយសារតែមាននារីវ័យក្មេងម្នាក់ ប៉ុនប៉ងធ្វើអត្តឃាត ដោយបម្រុងលោតទឹកសម្លាប់ខ្លួនទៅក្នុងស្ទឹងសង្កែ។
នារីដែលប៉ុនប៉ងសម្លាប់ខ្លួននេះមានឈ្មោះ គឹម ស្រីនូ ហៅ ស្រីណា ភេទស្រី អាយុ២០ឆ្នាំ មុខរបរ ជានារីម៉ាស្សា មានទីលំនៅ នៅភូមិស្មាច់ ឃុំស្មាច់ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលនៅពេលនោះដែរ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង ជួយទប់ស្កាត់បានទាន់ពេល។
នៅក្នុងពេលនេះដែរ គឺនាងមានតែការបង្ហូរទឹកភ្នែកតែប៉ុណ្ណោះ តែចំពោះមូលហេតុគេនៅមិនទាន់ដឹងនៅឡើយទេ ដោយកម្លាំងបានព្យាយាមលួងលោម និងធ្វើការអប់រំមិនអោយនាងមានគំនិតខ្លីបែបនេះតទៅទៀត៕
Source: Kampuchea Thmey Daily
0 Comments