Ad Code

ក្រសួងបរិស្ថាន និង​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​អប្សរា បំផុសគំនិត​ឲ្យ​យុវជន​ចូលរួម​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​ទាក់ទង​អំពី​បរិស្ថាន​ពានរង្វាន់​អប្សរា



ភ្នំពេញ ​៖ ក្រសួងបរិស្ថាន សហការ​ជាមួយ​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​អប្សរា រៀបចំ​កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​ទាក់ទង​អំពី​បរិស្ថាន​ពានរង្វាន់​អប្សរា ក្រោម​ប្រធានបទ «​អភិរក្ស​ជីវៈ​ចម្រុះ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ជូន​សាធារណជន ជាពិសេស​យុវជន ដែលមាន​អាជីព​ក្នុង​ការផលិត​វីដេអូ​បែប​ខ្នាត​ខ្លី​ស្រាប់​អោយ​ចូលរួម​ប្រកួតប្រជែង ដើម្បី​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​អំពី​កម្មវិធី​ប្រកួត​វីដេអូ​ខ្នាត​ខ្លី ស្តីពី​បរិស្ថាន​ពានរង្វាន់​អប្សរា ក្រោម​ប្រធានបទ «​អភិរក្ស​ជីវៈចម្រុះ​ក្នុងប្រទេស​កម្ពុជា ដើម្បី​រួមគ្នា​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​» កាលពី​រសៀល​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន​លោក ខ្វៃ អាទិ​ត្យា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​អប្សរា​បានឱ្យដឹងថា ការប្រឡង ប្រណាំង​វីដេអូ​ខ្លី​របស់​យុវជន​ស្តីពី​បរិស្ថាន ក្រោម​ប្រធានបទ «​មនុស្ស និង​ធម្មជាតិ​» នេះ ទី​១)- បានផ្តល់ ឱកាស​សម្រាប់​យុវជន​កម្ពុជា អាយុ​ចន្លោះ​ពី​១៨​ឆ្នាំទៅ​២៣​ឆ្នាំ បាន​បញ្ចេញស្នាដៃ និង​គំនិត​ច្នៃប្រឌិត ដើម្បី​ចូលរួម​អប់រំ និង​ផ្សព្វផ្សាយ​បរិស្ថាន ២)-​យុវជន​ខ្លួនឯង​ស្វែងយល់​ពី​កិច្ចការពារ និង​អភិរក្ស​ធនធាន ធម្មជាតិ ៣)- បណ្តុះ​គំនិត​យុវជន​អោយ​ស្រឡាញ់​បរិស្ថាន ចូលរួម​ការពារ​បរិ​ស្ថាន​។

លោកស្រី ងិន លី​ណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បាន​ជំរុញ និង​គាំទ្រ​លើកទឹកចិត្ត ក្នុងការ​បង្កើតឱ្យមាន​កម្មវិធី​ប្រឡង​វីដេអូ​ខ្លី ដែល​ផ្តោត​សំខាន់​លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​កិច្ច​គាំពារ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា ដែល​ជា​គោលដៅ​ស្នូល​របស់​ក្រសួងបរិស្ថាន ជាពិសេស​ការកាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក ហើយ​កម្មវិធី​ខាងលើ​នេះ​អាច​ទទួល​បាន​នូវ​សារ​ជាច្រើន តាមរយៈ​វីដេអូ​ខ្លី​របស់​យុវជន ដើម្បី​អប់រំ និង​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​បំផ្លាញ​បរិស្ថាន ងាក​មក​ស្រឡាញ់ និង​ការពារ​ភព​ផែនដី​។ លោកស្រី​បន្តថា កម្មវិធី​នេះ​ក៏​ជាការ​ផ្សព្វផ្សាយ​បើក​ជា​ផ្លូវការ​ការប្រកួតប្រជែង​កម្មវិធី​វីដេអូ​ខ្នាត​ខ្លី​នៅពេល​ខាងមុខនេះ​។ ដូច្នេះ​ការគ្រប់គ្រង​បរិស្ថាន​ប្រកបដោយ​ចីរភាព នឹង​ក្លាយជា​មធ្យោបាយ​ដ៏​ចំ​បាច់​មួយ​ក្នុងការ​ការពារ និង​ដោះស្រាយ​នូវ​រាល់​ការធ្លាក់ចុះ នៃ​ធនធានធម្មជាតិ និង​បញ្ហា​បរិស្ថាន​។ ការអប់រំ និង​ការផ្សព្វផ្សាយ​របស់​យុវជន ទៅលើ​យុវជន​ដទៃទៀត និង​ជាមួយ​ប្រជាពលរដ្ឋ​ពី​បញ្ហា​ប៉ះពាល់​អនាម័យ និង​បរិស្ថាន ជាពិសេស​ការ​ទុកដាក់​សំរាម​បានល្អ នាំអោយ​មនុស្ស​មាន​សុខភាព​ល្អ ភូមិដ្ឋាន​ស្រស់ស្អាត និង​ទីក្រុង​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​។

គូស​បញ្ជាក់​ដែរ​ថា សម្រាប់​ជ័យលាភី​នៅក្នុង​កម្មវិធី​នេះ មានការ​បែងចែក​ជា​បី​ចំណាត់ថ្នាក់ គឺ​ចាប់ពី​លេខ​១ ដល់​លេខ​៣ ដោយ​ចំណាត់ថ្នាក់​លេខ​១ ទទួលបាន​ពាន​១ លិខិត​សរសើរ​១ ទឹកប្រាក់​៥.០០០.០០០​រៀល ចំណាត់ថ្នាក់​លេខ​២ ទទួលបាន​ពាន​១ លិខិត​សរសើរ​១ ទឹកប្រាក់​៣.០០០.០០០​រៀល ចំណាត់ថ្នាក់​លេខ​៣ ទទួលបាន​ពាន​១ លិខិត​សរសើរ​១ ទឹកប្រាក់​២.០០០.០០០​រៀល ចំណាត់ថ្នាក់​លេខ​៤ ទទួលបាន​ពាន​១ លិខិត​សរសើរ​១ ទឹកប្រាក់​១.០០០.០០០​រៀល​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu