ភ្នំពេញ ៖ នៅវេលាម៉ោង៧ង៣០ព្រឹកថ្ងៃទី ១៩ ខែកញ្ញា នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបប្រមាណ ២៧.៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន ២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថារោងចក្រ សហគ្រាសទាំង ២៤ ដែលវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន ២៣ និងកូរ៉េចំនួន ១។ រោងចក្រទាំងនេះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨ , ផលិតស្បែកជើងចំនួន ១០, បោកគក់ចំនួន៤, ផលិតតុក្កតាចំនួន១ និង ផលិតដើមណូអែលចំនួន ១។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ផលិតផលផលិតចេញពីរោងចក្រទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និង ផ្គត់ផ្គង់នៅទីផ្សារក្នុងប្រទេសផងដែរ។ តាមរយៈរោងចក្រ សហគ្រាសទាំងនេះ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនក្នុងមូលដ្ឋានដូចជាជួលផ្ទះ លក់ម្ហូបអាហារ ដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត។
ខេត្តកំពង់ស្ពឺ ជាខេត្តមួយធ្លាប់ជាតំបន់ប្រយុទ្ធដ៏ស្រួចស្រាល់ផងដែរកាលពីអតីតកាល ហើយក៏ជាខេត្តដែលធ្លាប់តែពឹងផ្អែកលើវិស័យកសិកម្មប៉ុណ្ណោះ។ ក្រោយកម្ពុជាបានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុងចាប់ពីឆ្នាំ១៩៩៨ ខេត្តកំពង់ស្ពឺ កំពុងប្រែក្លាយទៅជាខេត្តមានសក្តានុពលខ្ពស់លើវិស័យឧស្សាហកម្ម នាពេលពេលបច្ចុប្បន្ននេះ ពោលមិនមែនពឹងផ្អែកលើវិស័យកសិកម្មតែមួយមុខដូចពីអតីតកាលទៀតនោះឡើយ។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបប្រមាណ ២៤៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិត ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។
សូមបញ្ជាក់ថា ដើម្បីជំរុញវិស័យឧស្សាហកម្មឲ្យមានសន្ទុះទៅមុខកាន់តែខ្លាំងក្លានោះសម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ កម្មការិនីតាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ រយៈពេលជាងមួយឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបជាមួយកម្មករកម្មការិនី ប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធាន ក្រុមសរុបចំនួន៥៦លើក ដែលមានអ្នកចូល រួមសរុប ៧៩៣,៧៨៣នាក់។ សម្រាប់ខេត្តកំពង់ស្ពឺនេះជាលើកទី ៤ ហើយ៕
Source: Kampuchea Thmey Daily
0 Comments