តាកែវ ៖ បុរសជាប្តីស្រវឹងខួបម្នាក់ បានបង្កហិង្សាដាក់ប្រពន្ធ វាយបំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះអស់មួយចំនួន និងយកប្រេងម៉ាស៊ូតចាក់បម្រុងដុតផ្ទះថែមទៀត តែសំណាងល្អបានអ្នកជិតខាងជួយទាន់កុំអីឆេះម៉ត់។
ហេតុការណ៍ហិង្សាបង្កដោយប្តីប្រមឹកដាក់គ្រួសារនេះ បានកើតឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅវេលាម៉ោង១៩និង៣០នាទី ស្ថិតនៅភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ តាមការឲ្យដឹងពីប៉ូលិសនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងប្រាប់ថា អំពើហិង្សាក្នុងគ្រួសារខាងលើនេះ បង្កឡើងជនសង្ស័យជាប្តីឈ្មោះ អុ៑ំ អូន អាយុ៤១ឆ្នាំ មានមុខរបរកសិករ បានវាយតប់ប្រពន្ធឈ្មោះ ណី ថាវី អាយុ៣៨ឆ្នាំ តែពុំមានរបួសស្នាមនោះទេ។ ក្នុងសកម្មភាពនោះដែរជនសង្ស័យបានបោកចាន បោកទូរទស្សន៍ វាយបំបែកទ្វាកញ្ចក់ផ្ទះអស់ពីរផ្ទាំង រួចយកប្រេងម៉ាស៊ូតនៅផ្ទះខ្លួនចាក់ពង្រាយក្នុងផ្ទះដុតឆេះអស់ពូកមួយ ភ្លាមៗនោះមានអ្នកជិតខាងជួយពន្លត់ទាន់កុំអីឆេះផ្ទះអស់ខានប្រពន្ធកូនរស់នៅ។
ក្រោយពេលកើតហេតុកម្លាំងប៉ូលិសបានចុះដល់និងឃាត់ខ្លួនជនសង្ស័យដកហូតវត្ថុតាងមានប៊ីដុងប្រេងមួយ ដែកកេះមួយ តាមពាក្យបណ្តឹងស្ត្រីជាប្រពន្ធដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments