Ad Code

សម្តេច​តេ​ជោ ​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​នេ​ប៉ាល់​នា​ចុងឆ្នាំ​នេះ



ភ្នំពេញ ​៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​ប្រទេស​នេ​ប៉ាល់​នៅ​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ២០១៨ ខាងមុខ​។ កិច្ចព្រមព្រៀង​និង​អនុស្សរណៈ​សំខាន់ៗ​មួយចំនួន​ត្រូវបាន​រំពឹង​ថា នឹង​ចុះហត្ថលេខា​នៅក្នុង​ឱកាស​នេះ។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពី នៅ​បុរី​ញូវយ៉ក សហរដ្ឋ​អាមេរិក។



នៅ​រសៀល​ថ្ងៃទី​២៨ កញ្ញា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ខាត​ហ្កា ប្រាសាដ សា​ម៉ា​អូ​លី (Khadga Prasad Shama Oli) នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​។​ ក្នុង​ជំនួប​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ក្តី​រីករាយ​ដែល​មាន​ឱកាស​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយគ្នា លោកនាយក​រដ្ឋមន្ត្រី​សាជាថ្មី​នៅ​សហរដ្ឋ​អាម៉េរិក​។

សម្តេច​បាន​ថ្លែង​នូវ​អំណរគុណ​ជូន​ចំពោះ​ប្រទេស​នេ​ប៉ាល់ ដែល​បាន​បញ្ជូន​អ្នក​អង្កេត​ការណ៍​របស់ខ្លួន ទៅពិនិត្យ​មើល​ដំណើរការ​បោះឆ្នោត​សកល​នីតិកាល​ទី​៦​កាលពីពេល​ថ្មីៗ​នេះ​នៅ​កម្ពុជា​ដោយ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​បោះឆ្នោត​ដែល​បាន​ប្រព្រឹត្តិ​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ តាម​បែប​ប្រជាធិបតេយ្យ និង​លទ្ធផល​គឺ​ទទួល​យក​បាន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ជម្រាប​ថា សម្តេច​បានទទួល​សំបុត្រ​អញ្ជើញ​ពី​លោកនាយក​រដ្ឋមន្ត្រី​ដើម្បី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណបក្ស​នយោបាយ​និយម​កណ្តាល នៅ​ប្រទេស​នេ​ប៉ាល់ ក្នុងពេល​ខាងមុខ ព្រមទាំង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​នេ​ប៉ាល់ ពិសេស​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ប្រវត្តិ​របស់​ព្រះពុទ្ធ​ផងដែរ​។



​នៅក្នុង​ជំនួប​ពិភាក្សា​នេះ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​ធ្វើការ​ពិភាក្សាគ្នា​ជុំវិញ​ការរៀបចំ​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅកាន់​ប្រទេស​នេ​ប៉ាល់ ដែល​គ្រោង​ធ្វើឡើង​នៅ​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ២០១៨ ខាងមុខ ជាពិសេស​គឺ​រៀបចំ​នូវ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ចុះហត្ថលេខា​ជាមួយគ្នា​ដែល​នឹងមាន​សេចក្តីប្រកាស​រួម​នៃ​ដំណើរ​ទស្សនកិច្ច​,​កិច្ចព្រមព្រៀង​លើកលែង​ទិដ្ឋាការ​លើ​លិខិតឆ្លងដែន​ការទូត​និង​ផ្លូវការ​,​កិច្ចព្រមព្រៀង​ស្តីពី​ការការពារ​វិនិយោគ​អនុស្សរណៈ​ស្តីពី​ការពិគ្រោះ​ពិភាក្សា​ខាង​នយោបាយ​រវាង​ក្រសួងការបរទេស​ទាំង​ពីរ​និង​កិច្ចព្រមព្រៀង​ស្តីពី​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច នយោបាយ វប្បធម៌ នៃ​ប្រទេស​ទាំងពីរ។

លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់​បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជោគជ័យ​ភ្លូកទឹកភ្លូកដី​អំពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​នាំមក​នូវ​ស្ថិរភាព​នយោបាយ​ដ៏​ល្អ​សម្រាប់​កម្ពុជា​។ ​ជា​មួយ​គ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា នឹង​រៀបចំ​ទទួល​សម្តេច​តេ​ជោ​ឲ្យ​បាន​ល្អ​និង​ជោគជ័យ​ក្នុងពេល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេ​ប៉ាល់​នៅពេល​ខាងមុខ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu