Ad Code

តំណាង​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត សុំទោស​អ្នកគាំទ្រ​ក្រោយ​របូត​ពាន​លី​គ​កំពូល​កម្ពុជា​នៅ​ឆ្នាំនេះ



​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត​អែ​ហ្វ​ស៊ី បាន​ថ្លែង​សុំទោស​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ក្រោយ​ក្រុម​អស់​ឱកាស​ដណ្តើម​ពានរ​ង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ឆ្នាំ​២០១៨​នេះ ពោលគឺ​ត្រឹម​ឈរ​កៅអី​ជើងឯក​រង ខណៈ​តំណែង​ជើងឯក​បាន​ទៅ​ក្រុម​ណាហ្គា​វើ​ល ទោះបីជា​នៅសល់​១​ប្រកួត​ក្នុង​ដៃ​រៀងៗ​ខ្លួន​ក៏ដោយ​។

លោក បែ មករា អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​បឹងកេត បាន​លើក​ឡើង​ថា «​អស់​រយៈពេល​ពេញ​មួយ​រដូវ​កាល ដែល​ពួក​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្លា ដោយ​ឆ្លងកាត់​បញ្ហា​លំបាក និង​ឧបសគ្គ​ជាច្រើន ដើម្បី​ការពារ​តំណែង​ជើងឯក​របស់​ពួក​យើង ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ ដែល​ពួក​យើង​មិនអាច​ធ្វើ​បាន​។ ក្នុងនាម​ជា​អ្នកដឹកនាំ​ខ្ញុំ​សូម​អភ័យទោស​ចំពោះ​អ្នកគាំទ្រ​យើង​ទាំងអស់​គ្នា ដែល​មិនអាច​ការពារ​តំណែង​ជើងឯក​បាន​ម្តង​ទៀត ពួក​យើង​សូម​សន្យា​ថា នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​នៅ​រដូវ​កាល​ក្រោយ​»។



​ថ្នាក់ដឹកនាំ​ក្លិប​រូប​នេះ​បាន​បន្ត​ទៀត​ថា​ «​ខ្ញុំ​សូម​អរគុណ សម្រាប់​ការ​គាំទ្រ និង​នៅ​ជាមួយ​ពួក​យើង​គ្រប់ពេលវេលា និង​ទីកន្លែង ទោះ​ជិត​ក្តី ឆ្ងាយ​ក្តី ហើយ​សង្ឃឹមថា​អ្នកគាំទ្រ​ទាំងអស់​នឹង​ចូលរួម​គាំទ្រ​ការប្រកួត​បិទ​រដូវ​កាល​ទល់នឹង​ភ្នំពេញ​ក្រោ​ន ឲ្យ​បាន​ច្រើន​កុះករ​។ ចុងក្រោយ​សូម​សម្តែង​នូវ​ការ​អបអរសាទរ​ជាមួយ​ក្លិប​ណា​ហ្កា ដែល​ទទួលបាន​ជើងឯក​លី​គ​ឆ្នាំ​២០១៨»​។

​ទន្ទឹមនឹង​គ្នា​នេះដែរ​លោកស្រី ពុទ្ធ ធីតា ប្រធាន​ក្លិប​បឹងកេត បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​របស់ខ្លួន​ថា «​យើង​នៅសល់​ការប្រកួត​ដ៏​សំខាន់​មួយ​ប្រកួត​ទៀត​តែប៉ុណ្ណោះ ក្នុងនាម​ខ្ញុំ​ជា​ថ្នាក់ដឹកនាំ​ក្លិប​ម្នាក់​សំណូមពរ​សុំ​ឲ្យ​អ្នកគាំទ្រ​របស់​ក្លិប​យើង​ព្រមទាំង​បងប្អូន​ដែល​គាំទ្រ​វិស័យ​កីឡាបាល់ទាត់​ទាំងអស់​មក​គាំទ្រ​ដោយ​ផ្ទាល់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ទោះបីជា​ក្លិប​យើង​បាន​ត្រឹម​ជើងឯក​រង​ឬអ្វី​ក៏ដោយ​។ ដរាបណា​កីឡាករ​យើង​ងើប​មុខ​មក​ខាងលើ​ឃើញ​អវត្តមាន​អ្នកគាំទ្រ​នៅក្នុង​ទីលាន​គឺជា​ការផ្តល់​កម្លាំងចិត្ត​ដ៏​មហិមា ជា​កម្លាំងចិត្ត​និង​ជា​អ្វីៗ​គ្រប់យ៉ាង​ធ្វើ​ឲ្យ​ពួក​យើង​គ្រប់គ្នា​តស៊ូ​មិន​រាថយ​។ មិន​ថា​ លទ្ធផល​យ៉ាងណា​យើង​នឹងធ្វើ​ដំណើរ​ជាមួយគ្នា​»​។



​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅសល់​១​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ ខណៈ​ក្រុម​ណាហ្គា​វើ​ល ជា​ម្ចាស់​ជើងឯក ក្រោយ​មាន​៥៣​ពិន្ទុ​ច្រើនជាង​ក្រុម​លេខ​២​បឹង​កេត​៤៩​ពិន្ទុ ពោល​គឺមាន​គម្លាត​គ្នា​រហូតដល់​ទៅ​៤​ពិន្ទុ​។ ចំណែក​ប្រកួត​ដែល​នៅសល់​របស់​បឹងកេត វិញ​គឺ​ត្រូវ​ជួប​អតីត​ក្រុម​ជើងឯក​៦​សម័យកាល​ភ្នំពេញ​ក្រោ​ន នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​៣០ ខែកញ្ញា​ចុង​សប្ដាហ៍​នេះ នៅលើទីលាន​ពហុកីឡដ្ឋាន​ជាតិ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu