ភ្នំពេញ ៖ នៅវេលាម៉ោង ៧និង៣០ ព្រឹកថ្ងៃទី ២៧ ខែកញ្ញា នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរយៈពេល៣យប់៤ ថ្ងៃចាប់ពីថ្ងៃទី(២៧-៣០ កញ្ញា)នៅទីក្រុងញូវយ៉ក។
បើយោងតាមលោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី ៣៧ ប្រព្រឹត្តទៅ ក្រោមប្រធានបទ«ធ្វើឲ្យអង្គការសហប្រជាជាតិមានសារសំខាន់ ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ភាពជាអ្នកដឹកនាំសកលនិងការ ទទួលខុសត្រូវរួមសម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព »។
យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាប្រតិភូជាន់ខ្ពស់ដែលអញ្ជើញអមដំណើរសម្តេចតេជោហ៊ុន សែនរួមមាន៖ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ,លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង កិច្ចការនារី ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែននឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការ វិវត្តនាពេលថ្មីៗនិងសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាននិងបញ្ហាតំបន់ និង អន្តរជាតិដែលជាការព្រួយបារម្ភរួម។
ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាទ្វេភាគីដាច់ ដោយឡែកពីគ្នាជាមួយ លោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារី , លោក ខាដហ្កា ប្រ៉ាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ និង ជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉កសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និង កាណាដាផងដែរ។
មហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជាពីព្រោះកម្ពុជាជាអនុប្រធាននៃមហាសន្និបាតនេះ។
មុនពេលចេញដំណើរពីកម្ពុជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានបង្ហោះនូវសារនយោបាយមួយតាមរយៈផេកហ្វេសបុករបស់សម្តេចថា៖ «ខ្មែរស្ទើរគ្រប់គ្នាស្គាល់បទដ៏ពេញនិយមមួយដែលមានចំណងជើងថាលាទៅបម្រើជាតិ ។តែសម័យនោះគឺទៅច្បាំងដោយប្រដាប់ អាវុធសុទ្ធសាធ យកជីវិតជាដើមទុន មករំដោះជាតិ យកដើមទ្រូងមកពាំងគ្រាប់ដើម្បីការពារជាតិ។ខ្ញុំធ្លាប់ស្គាល់រស់ជាតិនេះច្បាស់ជាង គេ អញ្ចឹងហើយខ្ញុំមិនចង់ឱ្យកូនខ្មែរជំនាន់ក្រោយត្រូវទទួលភ្លក់រសជាតិនេះទៀតឡើយ។
ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀតដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។កម្ពុជាមិនអាចឱ្យគេបង្ខូច ជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ ។ ខ្ញុំចេញទៅលើកនេះក៍នឹងចូលរួមផងដែរនូវការងារជាកិច្ចការតំបន់ និង អន្តរជាតិដែល កំពុងវិវត្តន៍យ៉ាងតានតឹង និងស្មុគស្មាញ។ ចំពោះជនរួមជាតិដែលគាំទ្រខ្ញុំនិងគាំទ្រកម្ពុជានៅក្រៅប្រទេសខ្ញុំនឹងទៅជួបបងប្អូនក្នុងពេល ដ៏ខ្លីខាងមុខ។ យើងនឹងអាចសន្ទនាផ្លាស់ប្ដូរសេចក្តីនឹករឮកជាមួយគ្នាខ្ញុំនឹងអាចរាយការណ៍ជូនពីសភាពការណ៍ទូទៅការវិវឌ្ឍ និងការ អភិវឌ្ឍន៍នានាលើមាតុភូមិកម្ពុជានាពេលបច្ចុប្បន្ន។
ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់និង ផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណ និងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ។
ខ្ញុំត្រូវស្ថិតនៅលើយន្តហោះជាង១៧ម៉ោងក្នុងដំណើរផ្លូវពីភ្នំពេញទៅកាន់ញូវយ៉ក សង្ឃឹមថានឹងបានសម្រាកលក់លើយន្តហោះបន្ទាប់ ពីហត់នឿយនៃការងារក្នុងប្រទេស។ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ៕
Source: Kampuchea Thmey Daily
0 Comments