កីឡាករ George Bisanជនជាតិនីហ្សេរីយ៉ាសមាជិករបស់ក្រុមណាហ្គាវើល បានវ៉ាដាច់កីឡាករជនជាតិកាម៉េរ៉ូន Befolo Mbarga Privatសមាជិកក្លិបបាល់ទាត់អាស៊ីអឺរ៉ុប នៅតំបន់កំពូលតារាងអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ គិតត្រឹមប្រចាំសប្ដាហ៍ទី២១ នៃពានរង្វាន់ជម្រើសជើងឯកជាតិ (Metfone Cambodian League 2018)គឺរហូតដល់២៤គ្រាប់ម្នាក់ឯង។
សរុបប្រកួតត្រឹម២១សប្តាហ៍មកនេះ ក្រុមសមាជិកទាំង១២អាចទាត់បញ្ចូលទីគ្នាបាន៤៥៥គ្រាប់។ គ្រាប់បាល់២៤គ្រាប់របស់កីឡាករ George Bisan បានទាត់ចូលក្រុមវេស្ទើនភ្នំពេញ ៦គ្រាប់ (ជើងទី២ចំនួន១គ្រាប់) ហើយទាត់ចូលក្រុមអគ្គីសនីកម្ពុជា ៤គ្រាប់ (ជើងទី១ចំនួន៣គ្រាប់) ទាត់ចូលក្រុមព្រះខ័នរាជស្វាយរៀង, អាស៊ីអឺរ៉ុប,អគ្គស្នងការដ្ឋាននគរបាលជាតិ សូលទីឡូអង្គរ និងក្រសួងការពារជាតិ ចំនួន៣គ្រាប់ (ជើងទី២ចំនួន១គ្រាប់) ទាត់ចូលក្រុមវិសាខា ២គ្រាប់ និងទាត់ចូលក្រុមភ្នំពេញក្រោន១គ្រាប់។
ក្រៅពីកីឡាករGeorge Bisan គេឃើញកីឡាករ Privat កំពុងរកគ្រាប់បាល់តាមពីក្រោយដែលមាន២២គ្រាប់ម្នាក់ឯង ខណៈកីឡាករនីហ្សេរីយ៉ា Julius Oiboh របស់បឹងកេត រកបាន១៦គ្រាប់ កីឡាករប្រេស៊ីល Maycon របស់បឹងកេត រកបាន១៥គ្រាប់ កីឡាករនីហ្សេរីយ៉ា Bata របស់សូលទីឡូអង្គរ រកបាន១៥គ្រាប់ កីឡាករកូរ៉េខាងជើង Cheo Myon Ho របស់វិសាខា រកបាន១៣គ្រាប់ម្នាក់ឯង។
កីឡាករនីហ្សេរីយ៉ា Mathew Osa របស់ណាហ្គាវើល រកបាន១២គ្រាប់ កីឡាករ រ៉ឹម ប៊ុនហៀង របស់ក្រសួងការពារជាតិ និងកីឡាករជនជាតិប្រេស៊ីល Valci Júniorរបស់ភ្នំពេញក្រោន រកបាន១១គ្រាប់ម្នាក់។ ក្រៅពីនោះសុទ្ធតែអ្នករកគ្រាប់បាល់បានម្នាក់៨គ្រាប់ចុះក្រោម។
ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលនេះនឹងប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុវិលជុំចំនួន២ជើងដើម្បីស្វែងរកក្រុមខ្លាំងដែលមានពិន្ទុច្រើនជាងគេដណ្តើមជើងឯកប្រចាំឆ្នាំ។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី៣ខែមីនា ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០១៨ ដែលមានសមាជិកចំនួន១២ក្រុម។ ក្រុមជើងឯកនឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និងពានរង្វាន់ Singapore Cup ជាដើម។
តាមគម្រោងក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៨ នេះទៅកីឡាករដែលរកគ្រាប់បាល់ច្រើនជាងគេបង្អស់ នោះគណៈកម្មការរៀបចំការប្រកួតនឹងប្រគល់ពានរង្វាន់ (ឬហៅថាស្បែកជើងមាស) ព្រមទាំងថវិកាលើកទឹកចិត្តចំនួន១.៥០០,០០០៛។ កីឡាករជនជាតិរ្វ៉ាន់ដា Autheire Kipson អតីតសមាជិកនៅក្លិបណាហ្គាវើល ជាម្ចាស់ស្បែកជើងមាសឆ្នាំចាស់២០១៧ កន្លងទៅ៕
Source: Kampuchea Thmey Daily
0 Comments