Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​លោក​ប្រធានាធិបតី​វៀតណាម



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ត្រាន់ ដាយ​ក្វាង អតីត​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ កញ្ញា​នេះ​។



ឥស្សរជន​កម្ពុជា ​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ,​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។



សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្តា​មេដឹកនាំ​និង​គណៈប្រតិភូ​នៃ​ប្រទេស​នានា​ចំនួន​១១​ប្រទេស​ផ្សេងទៀត​រួមមាន​ប្រទេស​ឡាវ សិង្ហ​បុរី ម៉ូ​សំ​ប៊ិច បេឡា​រ៉ុ​ស សាធារណរដ្ឋ​កូរ៉េ ជប៉ុន គូ​បា ឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី និង​រុ​ស្ស៊ី បាន​អញ្ជើញ​ទៅដល់​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែកញ្ញា​ដើម្បី​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ប្រធាន​រដ្ឋ​វៀតណាម​ត្រាន​ដាយ​ក្វាង​ដែល​បានទទួល​មរណភាព​កាលពី​វេលា​ម៉ោង​១០​និង​៥​នាទី​ព្រឹក​ថ្ងៃទី​២១​ កញ្ញា​កន្លងទៅ​ថ្មីៗ​នេះ​ក្នុង​ជន្មាយុ​៦១​ឆ្នាំ​ដោយ​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​។



​សព​របស់​លោក​ប្រធាន​រដ្ឋ​វៀតណាម​បាន​ប្រារព្ធ​ពិធី​តម្កល់​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ​គឺ​នៅ​ថ្ងៃទី​២៦-២៧ ខែកញ្ញា​នៅ​បញ្ជាការដ្ឋាន​កងទ័ព​ប្រជាជន​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ​ដើម្បី​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​បរទេស​នានា​អញ្ជើញ​ចូល​គោរព​វិញ្ញាណក្ខន្ធ​សព​។​ នៅ​ចំពោះមុខ​ម​ជ្ឈូ​ស​សព​ដែល​ប្រារព្ធ​ពិធី​តម្កល់​ជា​ផ្លូវការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​គណៈ​ប្រតិភូ​ជាន់ខ្ពស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​លំអោន​កាយ​គោរព​ចំពោះ​វិញ្ញាណក្ខន្ធ​សព​លោក​ប្រធាន​រដ្ឋ​វៀតណាម​។



​ភ្លាមៗ​បន្ទាប់ពី​ទទួល​បាន​នូវ​ដំណឹង​ដ៏​ក្រៀមក្រំ​បំផុត​នោះ​គឺ​នៅ​ថ្ងៃទី​២១​កញ្ញា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ញើ​សារ​នូវ​លិខិត​ចូលរួម​មរណទុក្ខ​ជូន​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម​ង្វៀន​ស៊ុន​ហ្វួ​ក ​ចំពោះ​ការបាត់បង់​លោក​ប្រធាន​រដ្ឋ​វៀតណាម​។

​ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​មរណភាព​របស់​លោក ត្រាន់​ដាយ​ក្វាង​ គឺជា​ការបាត់បង់​ដ៏​ធំធេង​នៃ​ថ្នាក់ដឹកនាំ​ដ៏​ល្អ​និង​គួរ​ឲ្យ​កោតសរសើរ​ម្នាក់​របស់​ប្រទេស​និង​ប្រជាជន​វៀតណាម​និង​ក៏​ជា​ការ​បាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​។

ក្នុង​ខណៈ​ដ៏​សោក​សង្វេគ​នេះ​ការ​ឧទ្ទិស​និង​ការ​បួងសួង​របស់​សម្តេច​គឺ​ស្ថិតនៅ​ជាមួយ​លោក​និង​ប្រជាជន​វៀតណាម​ជានិច្ច​»​។​ សារលិខិត​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា «តាងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​សម្តេច​សូម​សម្តែង​នូវ​សមានចិត្ត​និង​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ក៏ដូចជា​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រលាញ់​នេះ​»​។



នៅក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ផ្លូវការ​នោះដែរ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស​មរណទុក្ខ​របស់​រដ្ឋ​វៀតណាម​ដែលមាន​ខ្លឹមសារ​ជាអាទិ៍​ថា “​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រោម​ក្រំ​បំផុត​ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ជូន​ចំពោះ​គណបក្ស​កុម្មុយនីស្ត​វៀតណាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​វៀតណាម​ចំពោះ​មរណភាព​ឯកឧត្តម​ត្រាន់​ដាយ​ក្វាង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​កាលពី​ថ្ងៃទី​២១​កញ្ញា​កន្លងទៅ​។

មរណភាព​របស់​ឯក​ឧ​ត្ត​ម​ត្រាន់​ដាយ​ក្វាង​ គឺជា​ការបាត់បង់​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា​និង​ជា​មិត្ត​ដ៏​ល្អ​របស់​សម្តេច​ដែល​ធ្លាប់​មាន​អនុស្សាវរីយ៍​ដ៏​ជិតស្និទ្ធ​ជាមួយគ្នា​។​យើង​នឹង​ចងចាំ​ជានិច្ច​នូវ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម​ត្រាន់​ដាយ​ក្វាង​ដើម្បី​លើកកម្ពស់​ចំណង​ទាក់​ទង់​ជា​ភាតរ​រវាង​កម្ពុជា​និង​វៀតណាម​ក៏ដូចជា​នាំមក​នូវ​សុភមង្គល​និង​ការ​រីកចម្រើន​ជឿនលឿន​ថែមទៀត​របស់​ប្រជាជាតិ​វៀតណាម​។​សូម​ជូន​ដំណើរ​ជា​លើកចុងក្រោយ​”​។

​លោក Dai Quang​បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​វៀតណាម​នៅក្នុង​ខែ មេសា ឆ្នាំ ២០១៦ ដោយ​ជំនួស​តំណែង លោក Truong Tan Sang​។ លោក​ក៏​ជា​ប្រមុខរដ្ឋ​វៀតណាម​ដំបូង​គេ​ដែល​បាន​ស្លាប់​ក្នុង​តំណែង ។ លោក Dai Quang​បានកើត​នៅក្នុង​ឆ្នាំ ១៩៥៦ នៅ​ភូមិ QuangThien​នៃ​ខេត្ត​ភាគ​ខាងជើង NinhBinh​។ លោក​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​នគរបាល​ប្រជាជន​វៀតណាម​និង​សាលា​ភាសាបរទេស​ក្រោម​ក្រសួងមហាផ្ទៃ​ដែល​បច្ចុប្បន្ន​ជា​ក្រសួង​សន្តិសុខ​សាធារណៈ។ លោក​ក៏​ធ្លាប់​ធ្វើជា​សាស្ត្រា​ចា​រ្យ​ដោយមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ច្បាប់ មុននឹង​ចូលកាន់​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នៃ​ក្រុមប្រឹក្សាសន្តិសុខ។ បន្ត​មក​ទៀត​លោក​បាន​ក្លាយជា​អនុរដ្ឋមន្ត្រី​សន្តិសុខ សាធារណៈ​នៅ​ឆ្នាំ ២០០៦ ។ ក្នុង​ខែសីហា​ឆ្នាំ ២០១១ លោក Dai Quang ត្រូវ បាន​ដំឡើង​តំណែង​ទៅជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​រហូតដល់​ខែមីនា​ឆ្នាំ​២០១៦​មុន​ក្លាយជា​ប្រធានាធិបតី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu