គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសសម្រេចប្តូរទីលានប្រកួតចុងក្រោយ ដល់ក្រុមណាហ្គាវើល ដែលជាបេក្ខភាពម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) ដើម្បីបង្កើនភាពងាយស្រួលក្នុងការរៀបចំពិធីប្រគល់ពានដល់ក្រុមមួយនេះដែលរកបានពិន្ទុច្រើនជាងគេ។
យោងតាមសេចក្តីជូនដំណឹងរបស់ CNCC បានបញ្ជាក់ថា ប្រកួតរវាងក្រុមណាហ្គាវើលទល់នឹង ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ដែលដើមឡើយត្រូវធ្វើនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)នៅវេលាម៉ោង៣រសៀល ត្រូវបានប្ដូរទៅធ្វើនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ដដែលវេលាម៉ោង៥ល្ងាច ថ្ងៃសៅរ៍ទី២៩ខែកញ្ញា ឆ្នាំ២០១៨វិញ។
មូលហេតុនៃការផ្លាស់ប្តូរទីលានចុងក្រោយនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរៀបចំពិធីប្រគល់និងលើកពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា និងបំពាក់មេដាយមាសដល់ក្រុមណាហ្គាវើល។
ប្រភពបានបន្តទៀតថា បើទោះជា ពិធីប្រគល់រង្វាន់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះមែន តែនឹងធ្វើឡើងតែសម្រាប់ការគ្រងជើងឯកប៉ុណ្ណោះ។ សម្រាប់ពានរង្វាន់ជាច្រើនដទៃទៀត ក៏ដូចជាមេដាយជ័យលាភីជើងឯករង និងក្រុមលេខ៣ ព្រមទាំងពានរង្វាន់ឯកត្តជនជាច្រើនទៀតនឹងធ្វើក្នុងពិធី Cambodian Awards Night នៅចុងឆ្នាំនេះ។
សូមបញ្ជាក់ថា ក្រុមណាហ្គាវើល បានរកពិន្ទុបានច្រើនជាងគេពោលគឺដាច់ស្រឡះត្រឹមសប្ដាហ៍ទី២១ នៃពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៨ ថ្មីៗនេះបន្ទាប់ពីយកឈ្នះក្រុមវិសាខា ២-១ កាលពីថ្ងៃអាទិត្យទី២៣ខែ កញ្ញា ខណៈនៅថ្ងៃជាមួយគ្នានោះដែរ ក្រុមលេខ២គឺក្រុមបឹងកេត បានត្រឹមប្រកួតស្មើគ្នាជាមួយ២-២ជាមួយ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ។ ទោះបីជានៅសល់១ប្រកួតក្នុងដៃសម្រាប់ក្រុមជាសមាជិកទាំង១២នេះទៀតប៉ុណ្ណោះ តែក្រុមណាហ្គាវើល មាន៤ពិន្ទុពីលើក្រុមបឹងកេត ដែលកំពុងតែប្រដេញពីក្រោយ៕
Source: Kampuchea Thmey Daily
0 Comments