ភ្នំពេញ ៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ត្រាន់ ដាយក្វាង ប្រធានរដ្ឋវៀតណាមនៅល្ងាចថ្ងៃទី ២៦ ខែ កញ្ញា នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក លី ណាក់យ៉ុន (Lee Nak Yeon) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ។
ជំនួបពិភាក្សាការងារទ្វេភាគីគ្នានេះគឺឆ្លើយតបតាមសំណើរបស់លោកប្រធានាធិបតី ម៉ូ ជីអីន ក្នុងការស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី លី ណាក់យ៉ុន អញ្ជើញជួបសម្តែងការគួរសមដោយផ្ទាល់ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបានថ្លែងនូវសារផ្ទាល់មាត់ពីលោកប្រធានាធិបតីជូនចំពោះសម្តេចតេជោនិងគណបក្សប្រជាជនកម្ពុជាដែលទទួលបានជ័យជំនះភ្លូកទឹកភ្លូកដីពីការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ និង ជូនពរសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៦ នៃរដ្ឋសភា។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ លោកនាយករដ្ឋមន្ត្រីកូរ៉េ លី ណាក់យ៉ុន មានប្រសាសន៍សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនីតិកាលទី៦ នៃរដ្ឋសភាកាលពីថ្ងៃទី៦ ខែកញ្ញា។ ក្នុងជំនួបពិភាក្សាគ្នានោះភាគីទាំងពីរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង លោកនាយករដ្ឋមន្ត្រីកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលបង្កើតឡើងដោយសម្តេចតេជោនាយករដ្ឋមន្ត្រី មានអាយុកាលជាង ២១ឆ្នាំកន្លងមក។ ក្នុងនោះភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរដែលមានរយៈពេលជាង២១ឆ្នាំកន្លងមក។
តាមរយៈជំនួបពិភាក្សាទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់បំផុតនិងមានការទទួលខុសត្រូវខ្ពស់ជុំវិញការធ្វើឲ្យកាន់តែប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគីការពិភាក្សាគ្នាអំពីតំបន់ និងអន្តរជាតិ។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងនូវអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ដល់ការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជា ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ៦ម៉ឺននាក់ក្នុងប្រទេសកូរ៉េ។
សម្តេចតេជោបន្តថា ប្រទេសទាំងពីរគឺជាប្រទេសដន្លងនឹងគ្នាដោយសារតែបុរសកូរ៉េបានរៀបការជាមួយនឹងនារីកម្ពុជា និងបានបង្កើតកូនដែលអាចនិយាយភាសាទាំងកម្ពុជានិងកូរ៉េ បាន។
សម្តេចតេជោក៏បានអំពាវនាវឲ្យប្រទេសកូរ៉េបន្តជួយដល់កម្ពុជាពិសេសលើគម្រោងមួយចំនួនដែលបានចុះហត្ថលេខារួចហើយ ក្នុងនោះរួមទាំងការពន្លឿនដល់កសាងឡើងវិញកំណាត់ផ្លូវជាតិលេខ ៤៨ ដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយគ្រោះធម្មជាតិទឹកជំនន់។ ជាមួយគ្នានេះសម្តេចក៏បានស្នើដល់ភាគីកូរ៉េ ពិនិត្យលទ្ធភាពជួយទិញនិងនាំចូលកសិផលពីប្រទេសកម្ពុជាទៅកាន់កូរ៉េឲ្យបានច្រើនថែមទៀត។
សម្តេចបន្តថា ក្នុងភាពជាដៃគូកម្ពុជាបានគាំទ្រដល់ការប្រារព្ធខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ ២០១៩ ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយនឹងប្រទេសជប៉ុន និង ចិន ជាដើម ។ សម្តេចក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីកូរ៉េ ក្នុងការបែរឆ្ពោះទៅទិសខាងត្បូង។
នៅចំពោះមុខលោកនាយករដ្ឋមន្ត្រីកូរ៉េ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសគាំទ្រ និងអបអរសាទរយ៉ាងកក់ក្តៅបំផុតក្នុងនាមជាមេដឹកនាំអាស៊ានមួយរូបចំពោះលទ្ធផលជោគជ័យជាប្រវត្តិសាស្ត្រ នៃជំនួបកំពូលលើកទី ២ រវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូ ជិនអីន ជាមួយនឹងលោកប្រធានាធិបតីកូរ៉េ ខាងជើង គីម ជុងអ៊ុន នៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង ដែលនាំដល់ភាពធូរស្រាល នៅឧបទ្វីបកូរ៉េ ក៏ដូចជាតំបន់ និងសម្រាប់ពិភពលោកទាំងមូលផងដែរ៕
Source: Kampuchea Thmey Daily
0 Comments