ក្លិបបាល់ទាត់ម្ចាស់ជើងឯក៦សម័យកាលភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រ(Fan Appreciation Day) នៅដើមសប្ដាហ៍នេះហើយបានបញ្ចប់ដោយជោគជ័យ អមដោយភាពសប្បាយរីករាយ និងភាពស្និទ្ធស្នាលរវាងអ្នកគាំទ្រ និងគ្រូបង្វឹក កីឡាករ។
ប្រភពមកពីក្លិបភ្នំពេញក្រោន បញ្ជាក់ថា គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះគឺមានបីដូចជា ប្រមូលផ្តុំអ្នកគាំទ្រ ជួបជុំគ្នារវាងគ្រូ បុគ្គលិក កីឡាករ ជាមួយអ្នកគាំទ្រ និងចែករំលែកពីទស្សនវិស័យរបស់ក្លឹបសម្រាប់ពេលអនាគតទៅកាន់អ្នកគាំទ្រ។ បើទោះបីជាមេឃភ្លៀងខ្លាំងយ៉ាងណាក៏អ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនបានចូលរួមលេងសប្បាយ ញាំអាហារ និងរាំសប្បាយជាមួយក្រុមកីឡាករ។
ចំពោះពានរង្វាន់លីគកំពូលកម្ពុជា ក្រុមភ្នំពេញក្រោន អស់ឱកាសប្រជែងជើងឯកហើយ ពោលគឺរក្សាចំណាត់ថ្នាក់លេខ៥ឲ្យគង់វង្សជាជម្រើសដ៏ល្អព្រោះអស់ឱកាសទៅប្រជែងចំណាត់ថ្នាក់លេខ៤ទៀតហើយ ពោលគឺក្រោយប្រកួតបាន២១លើក ឈ្នះបាន១០លើក ស្មើគ្នា៣លើកនិងចាញ់៨លើកមាន៣៣ពិន្ទុ ពោលគឺចាញ់ក្រុមកំពូលតារាងណាហ្គាវើល រហូតដល់២០ពិន្ទុ ទោះបីជានៅសល់១ប្រកួតក្នុងដៃទៀតក៏ដោយ។ ចំពោះប្រកួតដែលនៅសល់ចុងក្រោយក្រុមភ្នំពេញក្រោន ត្រូវប៉ះបឹងកេតអែហ្វស៊ី។
ចំណែកនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)វិញក្រុមក្រុមភ្នំពេញក្រោន បានធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ កាលពីពេលថ្មីៗ បន្ទាប់ពីចាញ់ក្រុមអង្គរថាយហ្គឺរ ដែលមកពីខេត្តសៀមរាប ដោយបាល់ប៉េណាំងទីកាត់សេចក្តី៤ទល់៣ ក្រោយប្រកួតស្មើគ្នាទាំង២ជើង៤ទល់៤។ លោក Sean Sainsbury ដែលជាគ្រូបង្វឹកនៅតែមានឆន្ទៈដាក់កីឡាករក្មេងៗឲ្យប្រកួតនៅក្នុងប្រកួតដែលនៅសល់ដើម្បីពង្រឹងបច្ចេកទេសនិងសមត្ថភាពត្រៀមទៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments