ភ្នំពេញ ៖ លោក ឌុច សុខសារិន ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសមន្ត្រីអាដហុក៤រូប និង អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត(គ.ជ.ប) ដាក់ពន្ធនាគារម្នាក់ៗ៥ឆ្នាំ តែអនុវត្តទណ្ឌកម្មទោសចាប់ពីថ្ងៃឃុំខ្លួនរហូតដល់ថ្ងៃដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ទោសសល់ត្រូវព្យួរ បើកការប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់។
សូមបញ្ជាក់ថា ក្រុមមន្ត្រីសមាគមអាដហុក៤នាក់និងអតីតមន្ត្រីគ ជ ប លោកនី ចរិយា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីថ្ងៃទី ១៨កញ្ញា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធនិងបទល្មើសសូកប៉ាន់សាក្សី ដែលទាក់ទងក្នុងរឿងរ៉ាវស្នេហាក្រៅតម្រារវាងលោកកឹម សុខ និងនារីកាត់សក់ឈ្មោះ ខុម ច័ន្ទតារាទី ហៅស្រីមុំ កាលពីឆ្នាំ២០១៦កន្លងទៅ។
សវនាការនេះ ដឹកនាំដោយលោកចៅក្រមឌុច សុខសារិន អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោកសេង លៀង ជាតំណាងអយ្យការ។
តុលាការបានចោទប្រកាន់លោក នី ចរិយា លោកនី សុខា លោក យី សុខសាន លោក ណៃ រ៉ង់ដា និងលោកស្រី លឹម មុនី ពីបទ សូកប៉ាន់សាក្សី និងបទសមគំនិតសូកប៉ាន់សាក្សីប្រព្រឹត្តកាលពីឆ្នាំ២០១៦ ក្នុងក្រុងភ្នំពេញនិងខេត្តកំពង់ចាម។
នៅក្នុងសវនាការក្រុមមន្ត្រីអាដហុក៤នាក់ បានឆ្លើយបំភ្លឺស្រដៀងគ្នាថា ពួកគេបានស្គាល់នាងខុម ច័ន្ទតារាទី ហៅស្រីមុំនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ នៅពេលដែលម្ដាយនិងបងប្អូនរបស់នាងបានមកដល់ស្នាក់ការសមាគមអាដហុក ដើម្បីដាក់ពាក្យបណ្ដឹងអោយអាដហុកជួយរកយុត្តិធ័ម និងភាពស្អាតស្អំរបស់កូនស្រីឈ្មោះស្រីមុំក្រោយពីបែកធ្លាយខ្សែអាត់សម្លេងរវាងលោកកឹម សុខា និងស្រីមុំ។
បន្ទាប់មកលោកណៃ រ៉ង់ដា និងលោកយី សុខសាន បានបើករថយន្តទៅទទួលស្រីមុំនៅម្ដុំរោងចក្រដំបូលខៀវក្បែរកាណាឌីយ៉ា ផ្លូវវេងស្រេង។ ពេលនាំមកដល់ស្នាក់ការអាដហុកពួកគេក៏បានធ្វើកំណត់ហេតុនិងបទសម្ភាសន៍ស្រីមុំនិងថតវីដេអូទុកជាឯកសារ ហើយបន្ទាប់មកស្រីមុំបានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតជាសិទ្ធិរបស់នាង។
ក្រុមជនជាប់ចោទបានឆ្លើយទៀតថា នៅមុនដំបូងស្រីមុំមានអារម្មណ៍ភ័យខ្លាចមិនហ៊ានចូលមកក្រសួងមហាផ្ទៃតាមការកោះហៅរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែននៅថ្ងៃទី០៧មីនាទេ បន្ទាប់ពីនាង ធី សុវណ្ណថា បានប្ដឹងមកក្រសួងមហាផ្ទៃ ទើបនៅថ្ងៃទី០៩មិនាម្ដាយនិងបងប្អូននាងមកប្ដឹងនៅអាដហុក។
ក្រោយពីបានមកដល់អាដហុកហើយ សមាគមបានពិគ្រោះយោបល់គ្នាក្នុងការផ្ដល់សេវាមេធាវីឲ្យស្រីមុំដើម្បីនាងបានទទួលជំនួយស្មារតីផ្លូវច្បាប់ ហើយសមាគមក៏បានផ្ដល់ឲ្យនាងនូវថវិកាឧបត្ថម្ភអាហារក្នុងមួយថ្ងៃ៧ដុល្លារ និងការស្នាក់នៅ១ថ្ងៃ៧ដុល្លារ រហូតដល់ថ្ងៃនាងត្រូវចូលមកឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១៩មេសា ឆ្នាំ២០១៦ ដែលសរុបជាទឹកប្រាក់អស់ចំនួន២០៤ដុល្លារ។
ក្រោយបញ្ចប់សវនាការចៅក្រមជំនុំជំរះបានសម្រេចលើកពេលមកប្រកាសសាលក្រមនាថ្ងៃទី ២៦កញ្ញា នេះ៕
Source: Kampuchea Thmey Daily
0 Comments