ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 បានអស់សិទ្ធិប្រជែងជើងឯកនៅរដូវកាលនេះហើយ ខណៈលោក សុក វាសនា គ្រូបង្វឹករបស់ក្រុមដែលសាកលវិទ្យាល័យនៅពីក្រោយខ្នងមួយនេះមានគោលដៅធំចំនួន២សំខាន់ៗ មុនបញ្ចប់រដូវកាល។
គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ AFC C License រូបនេះបានលើកឡើងថា ក្រុមលោកបានអស់ឱកាសក្នុងការដណ្តើមចំណាត់ថ្នាក់លេខ៥ ខណៈក្រុមនៅមានឱកាសច្រើនដើម្បីស្វែងរកពិន្ទុប្រជែងលេខ៦ឬលេខ៧ ក្នុងចំណោមសមាជិកទាំង១២ក្រុមនេះ។ លោកនៅតែមានជំនឿចិត្តលើកូនក្រុមដែលអាចបន្តធ្វើបានល្អនៅប្រកួតសេសសល់ទាំងប៉ុន្មាន។ លោកបន្តថា គោលដៅចម្បងរបស់ក្រុមគឺរកចំណាត់ថ្នាក់ឲ្យបានល្អមួយ និងធ្វើយ៉ាងណាឲ្យកីឡាករស៊ុតបញ្ចូលច្រើនជាងគេប្រចាំរដូវកាល។
ពេលក្រុមអាស៊ីអឺរ៉ុប កំពុងឈរចំណាត់ថ្នាក់លេខ៩បណ្តោះអាសន្នក្នុងតារាងរួមក្រោយប្រកួតបាន២១លើក ឈ្នះបាន៧លើក ស្មើគ្នា៦លើក និងចាញ់៨លើក មាន២៧ពិន្ទុក្នុងដៃ។ កាលពីរដូវកាលចាស់ក្រុមអាស៊ីអឺរ៉ុប បានបញ្ចប់រដូវកាលរបស់ខ្លួនដោយឈរចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមសមាជិកទាំង១២ ក្នុងលីគកំពូលកម្ពុជា ក្រោយប្រកួតបាន២២លើក ឈ្នះ៥លើក ស្មើ៣លើកនិងចាញ់១៤លើកមាន១៨ពិន្ទុក្នុងដៃ។
ពានរង្វាន់សំខាន់ៗដែលអាស៊ីអឺរ៉ុប ត្រូវចូលរួមប្រកួតនៅរដូវកាលនេះមានពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់ជើងឯកសាកលវិទ្យាល័យថ្នាក់ជាតិ ផងដែរ។ ចំពោះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្រុមអាស៊ីអឺរ៉ុប ធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដោយថ្វីជើងក្រុមក្រសួងការពារជាតិ ដោយលទ្ធផលទាំង២ជើង ១០ទល់២។ ចំណែកប្រកួតចុងក្រោយដែលនៅសល់របស់ក្រុមអាស៊ីអឺរ៉ុប ក្នុងពានរង្វាន់លីគកំពូលកម្ពុជា វិញគឺត្រូវប៉ះក្រុមបាតតារាងវេស្ទើនភ្នំពេញ នៅចុងសប្ដាហ៍នេះ៕
Source: Kampuchea Thmey Daily
0 Comments