ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តវិធានការគន្លឹះៗ មួយចំនួនដើម្បីផ្សារភ្ជាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលផ្តោតខ្លាំងទៅលើឌីជីថលរូបនីយកម្ម។
នេះបើយោងទៅតាមសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ «វិស័យទេសចរណ៍និងនិន្នាការផ្លាស់ប្ដូរទៅរកប្រព័ន្ធឌីជីថល» របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី២៥ ខែកញ្ញា។
ក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា ក្នុងស្មារតីដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជាមាន និងកាត់បន្ថយកង្វល់ និងធានាឲ្យបាននូវទស្សនទាន «បច្ចេកវិទ្យាទំនើបសម្រាប់វិស័យទេសចរណ៍ វិស័យទេសចរណ៍សម្រាប់បច្ចេកវិទ្យាទំនើប » ឬអាចហៅបានថា «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពវៃឆ្លាត » រាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តនូវវិធានការមួយចំនួនដូចតទៅ៖ ទី១-ផ្សារភ្ជាប់ចក្ខុវិស័យទេសចរណ៍ឆ្នាំ២០៣០ រួមជាមួយបដិវត្តឧស្សាហកម្មជំនាន់ទី៤ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋសភាអាណត្តិទី៦ព្រមទាំងរួមបញ្ចូលកម្មវិធីអភិវឌ្ឍន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យាការអភិវឌ្ឍធនធានមនុស្ស ក្នុងឧស្សាហកម្មទេសចរណ៍ សំដៅធានាឲ្យបានថា «ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យានិងផ្ដល់ឲ្យវិស័យទេសចរណ៍នូវកាលានុវត្តភាពដល់ការលើកកម្ពស់ប្រសិទ្ធភាពក្នុងវិស័យទេសចរណ៍ ការជំរុញបរិយាប័ន្ន ភាពក្នុងឧស្សាហកម្មទេសចរណ៍ ការលើកកម្ពស់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាននិងការគ្រប់ គ្រងធនធានប្រកបដោយប្រសិទ្ធភាព និងការចូលរួមសម្រេចបាននូវរបៀបវារៈផ្សេងៗទៀតនៃការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ និងត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិ ១៥ លាននាក់ នៅឆ្នាំ២០៣០។
ទី២-រៀបចំកម្មវិធីពង្រឹងសមត្ថភាពមនុស្សក្នុងវិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ ជាគុណភាពនៃការអប់រំកម្រិតខ្ពស់ការបណ្ដុះបណ្ដាលជំនាញពាក់ព័ន្ធនឹងឧស្សាហកម្មទេសចរណ៍ឱ្យស្របតាមនិន្នាការនៃការរីកចម្រើនបច្ចេកវិទ្យានិងឌីជីថលរូបនីយកម្ម។
ទី៣-លើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ក្នុងឧស្សាហកម្មទេសចរណ៍ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំគំរូធុរកិច្ច បង្កើតការងារថ្មី និងតម្រង់ទិសថ្មីរបស់សេដ្ឋកិច្ចឌីជីថល នាពេលអនាគតសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាជាប្រទេសមានសក្តានុពលខ្ពស់ក្នុងការចាប់យកនូវប្រយោជន៍ដែលកើតចេញពីបដិវត្តឧស្សាហកម្មជំនាន់ទី៤ សម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយហេតុថា៖ ទី១-ភាគលាភប្រជាសាស្ត្រដោយសារការកើនឡើងនូវចំនួនយុវជនមានចំណេះដឹង និងនិន្នាការចាប់យកបច្ចេកវិទ្យាឌីជីថលលឿន។ទី២-ការកើនឡើងលឿននៃការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទចល័ត និងទូស័ព្ទវៃឆ្លាតជាមួយអត្រាប្រើប្រាស់ទូរស័ព្ទដៃខ្ពស់។ទី៣-លំហូរនៃការវិនិយោគក្រៅប្រទេសដែលនាំមកនូវបច្ចេកវិទ្យា។ ទី៤-ឌីជីថលរូបនីយកម្មបាននឹងកំពុងរីកចម្រើនស្ទើរគ្រប់វិស័យសេដ្ឋកិច្ចសំខាន់ៗ តួយ៉ាងដូចជាពាណិជ្ជកម្មអេឡិចត្រូនិក ស្របពេលដែលភ្ញៀវទេសចរកំពុងសម្របខ្លួនជាបណ្ដើរៗ ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទាំងនេះ។
នៅក្នុងសារលិខិតសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យនេះដើម្បីចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៨ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រជាពលរដ្ឋ និង ដៃគូអភិវឌ្ឍន៍ចូលរួមអភិវឌ្ឍទេសចរណ៍ឲ្យបានសកម្មនិងកាន់តែខ្លាំងក្លាថែមទៀតនិងត្រៀមខ្លួនចាប់យកកាលានុវត្តភាពនៃឧស្សាហកម្មជំនាន់ទី៤ ក្នុងធុរកិច្ច ក្នុងវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងទេសចរណ៍ជាសេនាធិការបាននឹងកំពុងដាក់អនុវត្តនូវយុទ្ធសាស្ត្រស្ដីពី “ការអភិវឌ្ឍវិស័យទេសចរណ៍ វៃឆ្លាត” (smart-turism) ដោយកំពុងដាក់ចេញនូវការចុះបញ្ជីអាជ្ញាប័ណ្ណទេសចរណ៍តាមប្រព័ន្ធអនឡាញ ,ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារនិងភោជនីយដ្ឋានតាមonline,ប្រព័ន្ធគ្រប់គ្រងមគ្គុទេសទេសចរណ៍តាមប្រព័ន្ធអនឡាញ ,ប្រព័ន្ធវាយតម្លៃចលនាប្រលងប៉ុន្មាន “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” តាមប្រព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវៃឆ្លាត( mobile app)ព្រមជាមួយនឹងការរីកចម្រើននៃមធ្យោបាយទូទាត់សម្រាប់ទេសចរណ៍តាមប្រព័ន្ធ QR Code,មធ្យោបាយដឹកជញ្ជូនវៃឆ្លាត (Pass app ,Grape..)ក្នុងវិស័យទេសចរណ៍។
សម្តេចតេជោបានបន្តថា ចំណុចទាំងអស់នេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាលើគ្រប់ទិដ្ឋភាពរាប់ទាំងការគ្រប់គ្រងការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាជាដើម៕
Source: Kampuchea Thmey Daily
0 Comments