ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានបដិសេធសំណើទស្សនកិច្ចតាមការគ្រោងទុករបស់នាវាចម្បាំងអាមេរិកទៅទីក្រុងហុងកុងហើយបានលុបចោលផែនការសម្រាប់ឧត្តមសេនីយ៍កំពូលម្នាក់ដើម្បីជួបជាមួយសមភាគីអាមេរិករបស់គាត់នៅក្នុងទីក្រុងវ៉ាស៊ីនតោន។
ការបដិសេធនេះបានកើតឡើងចំពេលដែលភាពតានតឹងផ្នែកពាណិជ្ជកម្មបានកើនឡើងរវាងក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនដែលនៅសប្តាហ៍នេះសហរដ្ឋអាមេរិកបានអនុម័តពន្ធគយថ្មីប្រឆាំងនឹងប្រទេសចិនដែលគ្របដណ្ដប់លើការនាំចូលរបស់ខ្លួនក្នុងចំនួនទឹកប្រាក់២០០ពាន់លានដុល្លារ។
នាវាចម្បាំង USS Wasp គ្រោងនឹងធ្វើទស្សនកិច្ចទីក្រុងហុងកុងនៅខែក្រោយ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកវរសេនីយ៍ឯក David Eastburn បាននិយាយថា ចិនបានលុបចោលដំណើរទស្សនកិច្ចនេះ។ លោកបានថ្លែងថា “រដ្ឋាភិបាលចិនមិនបានយល់ស្របលើសំណើទស្សនកិច្ចរបស់អាមេរិកទៅកាន់កំពង់ផែក្រុងហុងកុងដោយនាវាចម្បាំង USS Wasp ទេ”។
ការសម្រេចចិត្តរបស់ប្រទេសចិនបានកើតឡើងបន្ទាប់ពីទីក្រុងប៉េកាំងបានកោះហៅឧត្ដមសេនីយ៍កំពូលម្នាក់មកវិញដែលកំពុងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់ AFP ថា ឧត្តមនាវីឯក Shen Jinlong ដែលដឹកនាំកងទ័ពជើងទឹករំដោះប្រជាជនបានចូលរួមសន្និសីទកងទ័ពជើងទឹកមួយនៅកោះ Rhode កាលពីសប្តាហ៍មុន។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកគ្រោងនឹងធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលនឹងរួមមានទាំងកិច្ចប្រជុំនៅមន្ទីរបញ្ចកោណជាមួយសមភាគីអាមេរិកគឺប្រធានប្រតិបត្តិការកងទ័ពជើងទឹកលោកឧត្តមនាវីឯក John Richardson ផងដែរ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុលើនាយកដ្ឋានអភិវឌ្ឍន៍សម្ភារៈរបស់ក្រសួងការពារជាតិចិននិងអ្នកគ្រប់គ្រងកំពូលរបស់ខ្លួនសម្រាប់ការទិញយន្តហោះចម្បាំងធុន Sukhoi Su-35 របស់រុស្ស៊ីនិងប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាស S-400 ។
ក្រុងប៉េកាំងបានឆ្លើយតបវិញដោយកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិនលោក Terry Branstad ដើម្បីដាក់ពាក្យបណ្ដឹងជាផ្លូវការខណៈដែលយោធាចិនបានបង្ហាញការខឹងសម្បានិងការប្រឆាំងជំទាស់ចំពោះទណ្ឌកម្មនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments