នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលជាអ្នកប្រកាន់ជំហររឹងមាំជាយូរមកហើយលើប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអង្គារថា លោកមានឆន្ទៈជួបជាមួយលោក គីម ជុងអ៊ុន បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់មេដឹកនាំផ្តាច់ការរូបនេះជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
លោក អាបេ បានព្រមាននៅអង្គការសហប្រជាជាតិកាលពីឆ្នាំមុនថា បង្អួចការទូតជាមួយកូរ៉េខាងជើងកំពុងបិទហើយ។ ប៉ុន្តែនៅឆ្នាំនេះ លោកបាននិយាយថា ជំនួបកំពូលណាមួយនឹងត្រូវបានគេយកចិត្តទុកដាក់ក្នុងការដោះស្រាយជម្លោះរយៈពេលច្រើនទសវត្សរ៍ជុំវិញការចាប់ពង្រត់ជនស៊ីវិលជប៉ុនដែលជាបញ្ហាដ៏ស្មុគស្មាញមួយសម្រាប់សាធារណជនជប៉ុន។
លោក អាបេ បាននិយាយក្នុងសុន្ទរកថាអង្គការសហប្រជាជាតិរបស់គាត់ថា “ដើម្បីដោះស្រាយបញ្ហាចាប់ពង្រត់ ខ្ញុំក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីបំបែកនូវការមិនទុកចិត្តគ្នាទៅវិញទៅមកជាមួយកូរ៉េខាងជើងផងដែរដើម្បីឈានទៅរកការចាប់ផ្តើមថ្មីនិងជួបជាមួយលោកប្រធានគីមជុងអ៊ុន”។
កូរ៉េខាងជើងបានចាប់ពង្រត់ពលរដ្ឋជប៉ុនជាច្រើននាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៧០និង១៩៨០ដើម្បីបណ្ដុះបណ្ដាលឲ្យក្លាយជាអ្នកស៊ើបការណ៍របស់របបក្នុងភាសានិងវប្បធម៌ជប៉ុន។
អតីតនាយករដ្ឋមន្ត្រីជប៉ុន Junichiro Koizumi បានធ្វើដំណើរពីរដងទៅកាន់ទីក្រុងព្យុងយ៉ាងដើម្បីស្វែងរកទំនាក់ទំនងថ្មីជាមួយឪពុករបស់មេដឹកនាំបច្ចុប្បន្នគឺលោកគីមជុងអ៊ីលនិងត្រូវបានប្រាប់ដោយកូរ៉េខាងជើងថា ជនត្រូវចាប់ពង្រត់ដែលនៅសេសសល់គឺបានស្លាប់ហើយដែលនេះជាជំហរមួយត្រូវបានច្រានចោលដោយសមាជិកគ្រួសារនិងអ្នកធ្វើយុទ្ធនាការរបស់ជប៉ុន។
មានការរំពឹងទុកយ៉ាងខ្លាំងថាតើលោក អាបេ អាចជួបជាមួយលោក គីម ដែរឬក៏អត់។
ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន ក៏កំពុងល្បួងលោក គីម ផងដែរនោះ ការព្រួយបារម្ភបានកើនឡើងនៅក្នុងប្រទេសជប៉ុនថា ខ្លួនអាចនៅក្រៅសេចក្តីសម្រេចណាមួយលើបញ្ហាប្រទេសកូរ៉េខាងជើងបើសិនជាប្រទេសនេះបដិសេធការចរចា៕ AFP
Source: Kampuchea Thmey Daily
0 Comments