នៅថ្ងៃពុធ លោកស្រី Rosmah Mansor ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak បានទៅដល់ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ សម្រាប់ការសាកសួរជុំទីពីរអំពីការស៊ើបអង្កេតអំពើពុករលួយនៅមូលនិធិរដ្ឋ 1MDB។
ការសាកសួរលោកស្រីបានកើតឡើងចំពេលមានការចង្អុលបង្ហាញថា ការចោទប្រកាន់បន្ថែមទៀតអាចត្រូវបានដាក់នៅក្នុងការស៊ើបអង្កេតចូលទៅក្នុងអំពីរបៀបដែលប្រាក់រាប់ពាន់ដុល្លារ បានបាត់ពីមូនិធិ 1Malaysia Development Berhad (1MDB)។
លោក Najib ដែលត្រូវបានទម្លាក់ក្នុងការបោះឆ្នោតទូទៅកាលពីខែឧសភាត្រូវបានចោទប្រកាន់រួចទៅហើយពីបទលាងលុយកខ្វក់ រំលោភបំពានអំណាចនិងរំលោភសេចក្តីទុកចិត្ត។ គាត់បានអះអាងមិនមានទោសចំពោះការចោទប្រកាន់ទាំងនេះនិងបដិសេធពីការធ្វើខុស។
លោកស្រី Rosmah បានទៅដល់ការិយាល័យកណ្តាលរបស់គណៈកម្មការប្រឆាំងអំពើពុករលួយ ម៉ាឡេស៊ី (MACC) នៅពេលព្រឹកដោយអមដោយក្រុមមេធាវីរបស់លោកស្រី។
ជុំទីមួយនៃការសាកសួររបស់លោកស្រីនៅក្នុងខែមិថុនាគឺមានរយៈពេលបីម៉ោង។
កាលពីសប្តាហ៍មុន មន្ត្រី MACC បាននិយាយថា ការចោទប្រកាន់បន្ថែមទៀតអាចត្រូវបានដាក់ប្រឆាំងនឹងបុគ្គលនានាពាក់ព័ន្ធ 1MDB ។ នៅពេលសួរថាតើ លោកស្រី Rosmah អាចប្រឈមមុខនឹងការចោទប្រកាន់ឬយ៉ាងណានោះ មន្ត្រីរូបនេះនិយាយថា “ខ្ញុំមិនបដិសេធទេ”។
លោកស្រី Rosmah អាយុ៦៦ឆ្នាំបានចំណាយប្រាក់រាប់ពាន់ដុល្លារក្នុងការទិញទំនិញយ៉ាងខ្ជះខ្ជាយដូចជាកាបូបម៉ាក Hermes Birkin និងគ្រឿងអលង្ការហើយបានចំណាយប្រាក់ទិញឥវ៉ាន់នៅជុំវិញពិភពលោក។
ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់ថា ទឹកប្រាក់ជាង៤.៥ពាន់លានដុល្លារត្រូវបានគេកេងចំណេញពីមូនិធិ 1MDB ហើយប្រមាណ៦៨០លានដុល្លារបានបញ្ចប់នៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់ Najib។
លោក Najib និងលោកស្រី Rosmah ត្រូវបានរារាំងមិនឲ្យចាកចេញពីប្រទេសហើយផ្ទះនិងទ្រព្យសម្បត្តិផ្សេងទៀតដែលពាក់ព័ន្ធនឹងពួកគេត្រូវបានឆែកឆេរដោយប៉ូលិសជាផ្នែកមួយនៃការស៊ើបអង្កេត 1MDB ៕ REUTERS
Source: Kampuchea Thmey Daily
0 Comments