Ad Code

ប៉ុប​ពី បង្ហាញ​ការ​សូមទោស​ឪពុក​ម្តាយ​ ដែល​មិនបាន​បំពេញ​តាម​បំណង​ដូច​មនុស្ស​ស្រី​ដទៃ



ភ្នំពេញ ​៖​ តារា​សម្តែង​ភេទ​ទី​៣​កែកុន ​និង​ដោះដូរ​ប្រអប់លេខ​មក​ជា​ស្រី​ពេញលក្ខណៈ ប៉ុប​ពី ថ្មីៗ​នេះ​បាន​បញ្ចេញ​អារម្មណ៍​ហាក់​មានការ​អន់ចិត្ត​ចំពោះ​ខ្លួនឯង​ ដែល​មិន​មាន​សមត្ថភាព​បំពេញ​តាម​បំណង​ឪពុក ម្តាយ​តាមរយៈ​ការ​ភ្ជាប់​ចំណងអាពាហ៍ពិពាហ៍​ដូច​មនុស្ស​ស្រី​ដទៃទៀត។ ប៉ុន្តែ​យ៉ាង​ណា​មិញ ប៉ុប​ពី ក៏​មិនបាន​បង្ហាញ​ការ​អស់​សង្ឃឹមលើ​ អ្វី​ដែល​ខ្លួន​កំពុង​មាន​ និង​បាន​ធ្វើ​នោះ​ដែរ។

តារា​ភេទ​ទី​៣​មាន​សម្រស់​ស្រស់​ស្អាត​ដូច​មនុស្ស​ស្រី​ពេញលក្ខណៈ​នាង ប៉ុប​ពី ត្រូវ​បាន​ទស្សនិកជន​ស្គាល់​គ្រប់គ្នា​ថា​ នាង​មិន​ត្រឹមតែ​ជាតា​រា​ភេទ​ទី​៣​ទទួល​បាន​ពាន​រង្វាន់​លេខ​១ ​ក្នុង​ការ​ប្រកួតប្រជែង​សម្រស់​ភេទ​ទី​៣​នោះ​ទេ​ គឺ​តារា​សម្តែង​រូប​នេះ​ កន្លងមក​ក៏​ធ្លាប់​ទទួល​បាន​ការ​លើក​សរសើរ​លើ​រូប​សម្ផស្ស​ទៀតផង​ក្រោយពេល​វះកាត់​ប្តូរ​ភេទ​ឲ្យ​ក្លាយជា​ស្រី​នោះ។

ប៉ុប​ពី ថ្វីត្បិតតែ​ពេលនេះ​បំណងប្រាថ្នា​របស់​នាង​ត្រូវបាន​សម្រេច​ជា​បន្តបន្ទាប់​ទាំង​អាជីព​សិល្បៈ ការវះកាត់​កែ​ប្តូ​ភេទ​មកជា​ស្រី និង​សម្ព័ន្ធភាព​ស្នេហា​ជាដើម​។​ប៉ុន្តែ​ថ្មីៗ​នេះ​នាង​បែរជា​បង្ហាញ​ការ​មិន​សប្បាយចិត្ត​ព្រោះតែ​រឿង​ដែល​មិនអាច​បំពេញ​មុខមាត់​គ្រួសារ​តាមរយៈ​ចំណងអាពាហ៍ពិពាហ៍​ដូច​មនុស្ស​ស្រី​ដទៃ​ទៀត។

តារា​សម្តែង​ភេទ​ទី​៣​កញ្ញា ប៉ុប​ពី បាន​បញ្ចេញ​សារ​រៀបរាប់​នៅ​លើ​បណ្ដាញ​សង្គម​ថា អោយ​កូន​សុំទោស​ផង លោក​ពុក អ្នក​ម្តាយ ទោះ​កូន​កើតមក​ខុសពី​ធម្មជាតិ​ក៏​ពិត​មែន មួយវិញទៀត​កូន​ម្នាក់​នេះ ​មិន​បាន​រៀបការ​​ និង​មាន ផ្កា​ស្លាត​ជូន​លោក ទាំងពីរ​ដូច​កូនប្រុស​ស្រី​គេ​ទូទៅ​ក៏​ពិត​មែន។

ស្រី​ស្រស់ ប៉ុប​ពី បាន​លើក​ឡើង​បន្ថែម​ទៀត​ថា កូន​ម្នាក់​នេះ​មានតែ​កេរ្តិ៍ ឈ្មោះ​កិត្តិយស​ និង​ភាព​ល្បីល្បាញ​ជូន​ម៉ែ ពុក ហើយ​ជូន​គ្រួសារ​មិន​ធ្វើអោយ​សង្គម​ក្តៅក្រហាយ​ដោយសារ​កូន​តែ ប៉ុណ្ណឹង​ទេ អរគុណ​អ្នក​ដែល​តែងតែ​មើលងាយ​ខ្ញុំ រើសអើង​ខ្ញុំ។ សង្ឃឹមថា​ប្អូនៗ​ដែលជា​ភេទ​ទី​៣​ជំនាន់​ក្រោយ​ធ្វើបាន។ តាមរយៈ​នេះ​ក៏មាន​ការលើកទឹកចិត្ត​ពី​មិត្តភក្តិ​ដែរ​ថា​ កុំ​គិត​ច្រើន​អី​ទោះជា​ភេទ​ទី​៣​តែ​យើង​ជា​មនុស្ស​ល្អ ហើយ​បុរស​ស្ត្រី​មួយចំនួន​ក៏​មិន​អាចធ្វើ​ដូច​យើង​បានដែរ​ ការគោរព​ស្រលាញ់​ដឹងគុណ​នឹង​អំពើ​ល្អ​របស់​មិត្ត​ នឹងធ្វើ​អោយ​មិត្ត​សម្រេច​បំណងប្រាថ្នា​ឆាប់ៗ​ជាក់​ជាមិនខាន​ឡើយ ជូនពរ​អោយបាន​រៀបការ​ជាមួយ​បុរស​ល្អ​ម្នាក់​ដែល​នាង​ពេញចិត្ត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu