ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោករស់ ពិសិដ្ឋ នាព្រឹកព្រលឹមថ្ងៃទី ១៧កញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសនាយកក្រុមហ៊ុនដឹកជញ្ជូនវៀតណាមមួយដាក់ពន្ធនាគារកំណត់អស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៤០នៃច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា។
ជាមួយគ្នានេះបក្សពួកជនជាប់ចោទ២នាក់ផ្សេងទៀតក៏ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសកំបាំងមុខដាក់ពន្ធនាគារមួយជីវិតដូចគ្នា និងចេញដីកាបង្គាប់អោយសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនត្រូវចោទមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ។
ជនជាប់ចោទដែលតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតនេះឈ្មោះ ហ្វឿង មិញគក់ ភេទប្រុស អាយុ៣៨ឆ្នាំ ជានាយកក្រុមហ៊ុនដឹកជញ្ជូនហ្គូលឌិន កូអិលធីឌី។
ហ្វឿង មិញគក់ ត្រូវបានកាត់ទោសកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨នេះ ពាក់ព័ន្ធការដឹកជញ្ជូនគ្រឿងញៀនកាកូអ៊ីនប្រមាណ១២០០គីឡូក្រាមចូលមកប្រទេសកម្ពុជាដោយបង្កប់ក្នុងសាច់ត្រីសមុទ្រចំនួន៣កុងតឺន័រ។
ជននេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០១៦ នៅព្រំដែនកម្ពុជាវៀតណាម ដោយសារបុគ្គលនេះជាមនុស្សតែម្នាក់ដែលត្រូវចុះហត្ថលេខាទទួលទំនិញ៣កុងតឺន័រ ដែលផ្ញើមកពីប្រទេសអេក្វាឌ័រ មានសាច់ត្រីសមុទ្រសរុប២៤តោន ក្នុងនោះមានកាកូអ៊ីនទម្ងន់១ ២០០ គីឡូក្រាមបង្កប់ក្នុងសាច់ត្រីសមុទ្រទាំងនោះ។
នៅក្នុងសវនាការ តាមរយៈអ្នកបកប្រែភាសាវៀតណាម ជនជាប់ចោទបានបដិសេធថា ខ្លួនមិនមែនជាម្ចាស់ទំនិញទាំងនោះទេ ហើយក៏មិនមែនជានាយកក្រុមហ៊ុនដែរ។
ជនជាប់ចោទបាននិយាយថា ខ្លួនត្រូវថៅកែឈ្មោះ លី ហ៊័រវុន ឈ្មោះ វ៉ាង ទីងហ្វឹង និងឈ្មោះលី ហ្វាងយុន អោយឈរឈ្មោះជានាយកក្រុមហ៊ុនតែប៉ុណ្ណោះ ដោយស៊ីប្រាក់ខែ១ ០០០ដុល្លារក្នុងមួយខែ។
តាមសេចក្ដីរាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា នៅអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងសន្តិសុខចិន បានផ្ដល់ព័ត៌មានមកថា មានកុងតឺន័រចំនួន៣ផ្ញើមកពីប្រទេសអាក្វាឌ័រចឆ្លងកាត់កោះហុងកុង ប្រទេសកូរ៉េ ប្រទេសចិន និងប្រទេសវៀតណាម តម្រង់ឆ្ពោះមកប្រទេសកម្ពុជា មានបង្កប់កាកូអ៊ីនទម្ងន់១ ២០០គីឡូក្រាមនៅក្នុងសាច់ត្រីសមុទ្រ ហើយអ្នកដែលចុះហត្ថលេខាទទួលកាន់ទូរស័ព្ទលេខ ០៧១ ៧៤៥ ៧៩៧៩ មានចុះបញ្ជីនៅកម្ពុជា ហើយគ្រឿងញៀនទាំងនេះអាជ្ញាធរចិនបានរឹបអូស ១ ១០០គីឡូ ដោយបញ្ជូនកុងតឺន័រសាច់ត្រីនិងគ្រឿងញៀនតែ១០០គីឡូប៉ុណ្ណោះមកកម្ពុជាដើម្បីស្វែងរកចាប់ខ្លួនម្ចាស់ទំនិញ។
ទោះបីក្នុងសវនាការជនជាប់ចោទបានបដិសេធមិនទទួលស្គាល់ទំនិញនេះក្ដី តែតំណាងអយ្យការដោយយោងលើភស្តុតាងនិងឯកសារពាក់ព័ន្ធនានា បានធ្វើសេចក្ដីសន្និដ្ឋានចោទប្រកាន់ក្រុមជនត្រូវចោទពីបទ រក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ហើយស្នើអោយក្រុមប្រឹក្សាជំនុំជម្រះសម្រេចតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments