អ្នកប្រដាល់ឡៅ ចិត្រា ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានវាយឈ្នះអ្នកប្រដាល់ថៃKhumpichit Payknonghin ដោយពិន្ទុ ហើយព្រឿង សុជាតិ អ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ បានវាយចាញ់អ្នកប្រដាល់ថៃYodpayak Kor.Adisorn ដោយពិន្ទុ ក្នុងការជួបប្រកួតជម្រុះជុំដំបូងដណ្តើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មីទម្ងន់៦០គីឡូក្រាម នៅសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីយប់ថ្ងៃអាទិត្យទី១៦កញ្ញា២០១៨។
ឡៅ ចិត្រា បានធ្វើអោយKhumpichitត្រូវអាជ្ញាកណ្តាលរាប់៨ដល់ទៅពីរដងនៅក្នុងទឹកទី៣និងទឹកទី៤ ដោយសារជង្គង់និងកណ្តាប់ដៃរបស់គេ ។តែយ៉ាងណាKhumpichitគេក៏ខ្លាំងគួរសមដែរ ដោយបានវាយឡៅ ចិត្រាត្រូវប៉ុន្មានដៃនិងទាត់ត្រូវប៉ុន្មានជើងប៉ុន្តែត្រូវចិត្រាវាយសងវិញភ្លាមៗ ។
Khumpichit បើក្រៅពីរូបគេក៏ពិបាកទប់ទល់ជាមួយឡៅ ចិត្រា បាន៥ទឹកនោះដែរ ។ជាមួយលទ្ធផលនេះ នាំអោយKhumpichit បាន១ពិន្ទុសម្រាប់ការប្រកួតជម្រុះលើកទី១នេះ ហើយឡៅ ចិត្រា គេបាន៣ពិន្ទុ សម្រាប់ការឈ្នះជុំដំបូងនេះ ។
ចំណែក អ្នកប្រដាល់ព្រឿង សុជាតិ វិញ គេបានវាយចាញ់អ្នកប្រដាល់ថៃYodpayak Kor.Adisorn ដោយពិន្ទុប្រផុតប្រផើយតែប៉ុណ្ណោះ ក្នុងការប្រកួតប្រាំទឹកនេះ ។នៅក្នុងការប្រកួតទឹកទី២ សុជាតិ បានធ្វើអោយYodpayak បែកឈាមចុងចិញ្ចើមខាងស្តាំធំគួរសមដែរ បន្ទាប់ពីគេបានវាយប្តូរកែងគ្នានោះ តែខ្លួនគេក៏បែកឈាមចុងចិញ្ចើមខាងឆ្វេងដែរ គ្រាន់តែមុខរបួសតូចជាងប៉ុណ្ណោះ ។
ដូច្នេះសម្រាប់ការប្រកួតជម្រុះជុំដំបូងខ្សែក្រវាត់ខារ៉ាបាវរដូវកាលថ្មីទម្ងន់៦០គីឡូក្រាមនេះ ព្រឿង សុជាតិ គេបាន១ពិន្ទុ ឯYodpayak Kor.Adisorn គេបាន៣ពិន្ទុ ។
ចំពោះការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៥កញ្ញានៅសង្វៀនបាយ័នបឹងស្នោវិញ អ្នកប្រដាល់កម្ពុជាឈ្នះអ្នកប្រដាល់ថៃទាំងពីរនាក់ ។
ក្នុងនោះ ឡៅ ចន្ទ្រា អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ បានផ្តួលORONO នៅក្នុងទឹកទី៣ ។ អ្នកប្រដាល់ថៃORONO ត្រូវអាជ្ញាកណ្តាលបញ្ឈប់លែងអោយប្រកួត ដោយសារតែគេអសមត្ថភាពក្នុងការតតាំងជាមួយឡៅ ចន្ទ្រានោះ ។
ORONO ត្រូវចន្ទ្រាចាប់អុកនឹងជង្គង់ត្រូវពេញៗ ធ្វើឲ្យអាជ្ញាកណ្តាលរាប់៨ក្នុងទឹកទី២ ហើយមកដល់ទឹកទី៣ ORONOលែងទប់ទល់បានជាមួយឡៅ ចន្ទ្រា ដែលធ្វើឲ្យអាជ្ញាកណ្តាលបញ្ឈប់លែងអោយប្រកួតតែម្តង ព្រោះអសមត្ថភាព ។
ចាន់ ស៊ីណាត អ្នកប្រដាល់ក្លិបនិរោធមានជ័យ បានវាយឈ្នះPetchmai Sor.Baanjong ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាទម្ងន់៦០គីឡូក្រាម ។នៅក្នុងការប្រកួតគ្នា៥ទឹកនោះ ចាន់ ស៊ីណាត បានមានប្រៀបឈ្នះលើPetchmai Sor.Baanjong ក្នុងទឹកទី៥ ខណៈដែល៤ទឹកកន្លងមកនោះមានលក្ខណៈស្មើគ្នាវាយទៅវាយមកឈ្នះពីរទឹកម្នាក់នោះ។ យ៉ាងណា ចាន់ ស៊ីណាត គេឈ្នះPetchmai Sor.Baanjong ដោយប្រផុតប្រផើយតែប៉ុណ្ណោះ គឺឈ្នះក្នុងទឹកចុងក្រោយនេះឯង ។
ដោយឡែក ណាក់ សុខា អ្នកប្រដាល់ក្លិបយុវវាលស្បូវខណ្ឌច្បារអំពៅ បានវាយចាញ់អូន ចាន់ឡឹងអ្នកប្រដាល់ក្លិបកុសលកីឡាក្នុងទឹកទី៥ ។ ណាក់ សុខា ត្រូវអាជ្ញាកណ្តាលបញ្ឈប់នៅចុងទឹក៥ បន្ទាប់ពីត្រូវរាប់៨ក្នុងទឹកទី១ម្តង និងក្នុងទឹកទី៥ម្តង ហើយអាជ្ញាកណ្តាលបានមើលឃើញថាគេអស់លទ្ធភាពលែងទៅរួចទៀតនោះ ។
ឈាង ឡុង អ្នកប្រដាល់ក្លិបអេភូថងកីឡា បានប្រកួតឈ្នះប៉ុន បាំង អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងក្នុងទឹកទី២ដោយផ្តួលអោយសន្លប់តែម្តង៕
Source: Kampuchea Thmey Daily
0 Comments