ភ្នំពេញ ៖ លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិភ្នំពេញ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ ថា ប្រជាពលរដ្ឋខ្មែរចំនួន៥៥នាក់ ត្រូវបានស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជួយសង្គ្រោះពីប្រទេសចំនួន៣ រួមមាន ប្រទេសចិន, ប្រទេសម៉ាឡេស៊ី និងវៀតណាម។
តាមលោក កេត សោផាន់ ករណីទី១. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ចិន ធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងរៀបចំមាតុភូមិនិវត្តន៍ស្ត្រីខ្មែរចំនួន២នាក់ មកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលត្រូវបានមេខ្យល់បោកបញ្ឆោតនាំទៅរៀបការដោយខុសច្បាប់ជាមួយបុរសជនជាតិចិន នៅក្នុងប្រទេសចិន។ ស្ត្រីទាំងពីរនាក់ បានត្រលប់មកដល់កម្ពុជាវិញ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ។
ករណីទី២. ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរបស់ម៉ាឡេស៊ី រៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន២២នាក់ មកពីខេត្តកំពង់ចាម កំពង់ធំ តាកែវ ត្បូងឃ្មុំ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ និងខេត្តស្វាយរៀង ដែលបានទៅធ្វើការដោយខុសច្បាប់នៅប្រទេសម៉ាឡេស៊ី ហើយមានបំណងត្រឡប់មកកម្ពុជាវិញ។ ពលករ-ពលការិនីទាំង២២នាក់ បានមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨។
ករណីទី៣. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន៣១នាក់ (ក្នុងនោះមានកុមារ២៣នាក់) មកពីខេត្តស្វាយរៀង ដែលចូលទៅស្នាក់នៅ និងប្រកបរបរលក់ឆ្នោតដោយខុសច្បាប់នៅក្នុងប្រទេសវៀតណាម។ ស្ថានអគ្គកុងស៊ុល បានជូនពលរដ្ឋទាំង៣១នាក់នោះ មកដល់កម្ពុជាវិញ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បីប្រគល់ជូនអាជ្ញាធរកម្ពុជា ចាត់ចែងបញ្ជូនបន្តទៅស្រុកកំណើត៕
Source: Kampuchea Thmey Daily
0 Comments