ភ្នំពេញ ៖ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA លោក វន់ ពៅ បានមកដក់សាលាដំបូងរាជធានីភ្នំពេញទាំងព្រឹកតែម្ដងនាថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ តាមដីកាកោះហៅរបស់លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សី ពាក់ព័ន្ធសំណុំរឿងលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។
នគរបាលគោលដៅការពារតុលាការ បានត្រួតពិនិត្យដីកាកោះហៅ និងអត្តសញ្ញាណប័ណ្ណមុនពេលអនុញាតអោយលោក វន់ ពៅចូលទៅបន្ទប់ចៅក្រមស៊ើបសួរ។
រហូតមកដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៨ លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំគត់ ពាក់ព័ន្ធបទក្បត់ជាតិ លួចទាក់ទងជាសម្ងាត់ជាមួយអាមេរិក ដើម្បីផ្តួលរាជរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោកកឹម សុខា ត្រូវបានឃុំខ្លួនដាក់ពន្ធនាគារនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមក្រមព្រហ្មទណ្ឌ បទធ្វើសន្ទិដ្ឋភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឱ្យមានអំពើប្រទូស្តរ៉ាយ ឬឱ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។
ទោះបីជាមានការស្នើសុំនៅក្រៅឃុំជាច្រើនលើកច្រើនសា តែទីបំផុត តុលាការគ្រប់ជាន់ថ្នាក់ បានបដិសេធសំណើនេះជាបន្តបន្ទាប់ ដោយអះអាងថា ការអនុញ្ញាតឱ្យលោកកឹម សុខា នៅក្រៅឃុំ គឺ អាចប៉ះពាល់នីតិវិធី ទន្ទឹមដែលមេធាវីមិនយល់បែបនេះក៏ដោយ។
ព្រឹត្តិការណ៍ចុងក្រោយ ដែលអ្នកនយោបាយនិងបុគ្គលសំខាន់ៗមួយចំនួន ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដែលអ្នកខ្លះត្រូវបានដោះលែងតាមសំណើរបស់នាយករដ្ឋមន្ត្រីក្តីនោះ មជ្ឈដ្ឋានជាច្រើន យល់ថា លោកកឹម សុខា អាចនឹងត្រូវដោះលែងដែរ។
ប៉ុន្តែទីបំផុត លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ សម្រេចបន្តឃុំខ្លួនលោកកឹម សុខា ក្នុងពន្ធនាគារដដែលដោយមិនអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នទេ។
បន្ទាប់មកចៅក្រមស៊ើបសួរបានចេញដីកាកោះហៅសាក្សីសំខាន់ម្នាក់ទៀតគឺលោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធអោយចូលតុលាការដើម្បីឆ្លើយបំភ្លឺជាសាក្សីនៅក្នុងរឿងក្ដីលោក កឹម សុខា នាព្រឹកថ្ងៃទី ១០កញ្ញា ឆ្នាំ២០១៨នេះ៕
Source: Kampuchea Thmey Daily
0 Comments