ភ្នំពេញ ៖ កំពូលតារាចម្រៀងប្រុសប្រចាំផលិតកម្មហង្សមាស និងកូនប្រុស៣នាក់ព្រមជាមួយតារាចម្រៀងល្បីៗរបស់ខ្មែរគឺអ្នកនាង ពេជ្រ សោភា ,កញ្ញា រ៉ាប៊ី ,តារាកំប្លែងនាយ ពែកមី , ពិធីករលោក ប៉ែន ចំរ៉ុង រួមដំណើរដោយឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា និង លោក ហេង ឡុង កាលពីរាត្រីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨កន្លងមកនេះ បានធ្វើដំណើរចេញទៅច្រៀង និងសម្ដែងនៅប្រទេសកូរ៉េដូចការគ្រោងទុក។
ដំណើរឆ្លងទ្វីបរបស់តារាចម្រៀងល្បីល្បាញ ដែលនៅតែរក្សាបានប្រជាប្រិយភាពនិង ការគាំទ្រខ្ពស់ពីមជ្ឈដ្ឋានមហាជននិងមិត្តៗយុវវ័យលោក ព្រាប សុវត្ថិ នេះគឺបានធ្វើឡើងតាមរយៈកម្មវិធីនៃការប្រគំតន្ត្រីអចលទ្រព្យសប្បុរសធម៌ដ៏ធំសម្បើមពុំធ្លាប់មាននៅលើទឹកដីកូរ៉េ។ កម្មវិធីប្រគំតន្ត្រីដ៏ធំនោះជាការរៀបចំធ្វើឡើងពីសំណាក់លោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា ដែលល្បីល្បាញលើជំនួញរកស៊ីអចលនទ្រព្យ។
បើតាមការថ្លែងឲ្យពីសំណាក់លោក ព្រាប សុវត្ថិ បានលើកឡើងថា នេះជាទី១សម្រាប់លោកនិងកូនៗទាំង៣ដែលបានការអញ្ជើញចាកចេញទៅសម្តែងនៅលើទឹកដីប្រទេសកូរ៉េដើម្បីសម្តែងនិងច្រៀងចែកជូនបងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ។ លោកថា ការចេញទៅកូរ៉េលើកនេះមិនមែនគ្រាន់តែទៅសម្ដែងការប្រគំតន្ត្រីក្នុងប្រទេសកូរ៉េ ប៉ុណ្ណោះទេប៉ុន្តែអ្វីដែលសំខាន់ គឺលោកនិងលោក ឡេង ណាវ៉ាត្រា ក៏បានប្រកាសអំពីការរីកចម្រើននៃវិស័យអចនលទ្រព្យពោលគឺចង់ឲ្យពលករខ្មែរធ្វើការនៅទីនោះមានទ្រព្យប្រចាំខ្លួនក្រោយពេលត្រឡប់មកវិញ។
តារាចម្រៀងលោក ព្រាប សុវត្ថិ បានរៀបរាប់ទៀតថា ចំពោះឱកាសនៃការចេញទៅច្រៀង និងសម្តែងនៅលើទឹកដីនៃប្រទេសកូរ៉េជាលើកដំបូងនោះមិនត្រឹមតែជាការណែនាំឬផ្សព្សផ្សាយអំពីវិស័យអចលទ្រព្យដីធ្លីរវាងលោកនិងឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត្រា នោះទេគឺលោកក៏ចង់បង្កើនការផ្សព្វផ្សាយនិងផ្តល់ភាពសប្បាយរីករាយជូនពលករខ្មែរដែលរស់នៅទីនោះលើវិស័យសិល្បៈចម្រៀងខ្មែរផងដែរ។
លោក ព្រាប សុវត្ថិ បានបន្ថែមថាខ្ញុំពិតជាមានអារម្មណ៍រំភើបនិងសប្បាយរីករាយខ្លាំងណាស់ដែលទទួលបានឱកាសចេញទៅបង្ហាញវត្តមាននៅលើទឹកដីប្រទេសកូរ៉េនាពេលនេះ។មិនត្រឹមតែប៉ុណ្ណោះនេះក៏ជាឱកាសល្អដើម្បីចែកជូនភាពកម្សាន្តសប្បាយរីករាជូនដល់ពួកគាត់(ពលករខ្មែរ)ដែលជាសាច់ឈាមរួមជាតិសាសន៍ខ្មែរតែមួយទៀតផង៕
Source: Kampuchea Thmey Daily
0 Comments